(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា ដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិកាបដិភាគរបស់សហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន ដើម្បីចូលរួមការដាក់តាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
កម្មវិធីនេះបានប្រព្រឹត្តិឡើងនាថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ហើយក្រុមហ៊ុនកម្ពុជាទាំង៤ រួមមាន ១)- KAMPONG THOM RICE MILL LIMITED ៣)- KHMER FOODS GROUP CO.,LTD ៤)- PRIMALIS CORPERATION.,LTD ៥)- SINGATURE OF ASIA CO., LTD ។
ការចូលរួមព្រឹត្តិការណ៍ The Saudi Food Show នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ ។
ការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ នៅក្នុងតំបន់មជ្ឈឹមបូព៌ានេះ គឺក្នុងគោលបំណងក្នុងការធ្វើពិពិធកម្មទីផ្សារ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលក្នុងទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។
ពន្លាជាតិតាំងបង្ហាញអង្ករកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវជាអាជីព ព្រោះជាលើកទី១ ដែលឃើញមានបញ្ជីឈ្មោះប្រទេសកម្ពុជា និងទង់ជ័យកម្ពុជា នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនេះ ស្ថិតនៅក្នុងចំណោម ក្រុមហ៊ុនចំនួនជាង ១០០០ ក្រុមហ៊ុន ដែលតាំងបង្ហាញផលិតផលម្ហូបអាហារចំនួនជាង ១០០ ០០០ប្រភេទមកពី៩៧ ប្រទេសនៅលើពិភពលោក។
ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសធំជាងគេនៅក្នុងតំបន់មជ្ឈឹមបូព៌ា កំពុងមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ ដែលជាទីផ្សារមានសក្តានុពលសម្រាប់អង្ករកម្ពុជា ទៅក្នុងប្រទេសនេះផ្ទាល់ និងជាទីតាំងចែកចាយ បន្តនៅពេលអនាគតសម្រាប់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកផងដែរ។
ទីផ្សារនៅក្នុងតំបន់ទាំងពីរនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ គឺតំបន់មជ្ឈឹមបូព៌ា បានកើនពី ១ ៣៩៨ តោន នៅឆ្នាំ២០១៥ កើនដល់ ៧ ៥២១ តោននៅឆ្នាំ២០២៣ ហើយទីផ្សារក្នុងតំបន់អាហ្វ្រិកកើនពី ៤ ២៨៤ តោន នៅក្នុងឆ្នាំ២០១៥ កើនដល់ ៥២ ៨២៨ តោននៅឆ្នាំ២០២៣៕