(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មបានពន្យល់ថា បើទោះបីជាតួលេខនៃការនាំចូលទំនិញ ច្រើនជាងការនាំចេញក្តី ប៉ុន្តែមិនមែនជារឿងអាក្រក់នោះទេ ដោយសារភាគច្រើន កម្ពុជាបាននាំចូលវត្ថុធាតុដើមពីប្រទេសជិតខាង និងពីប្រទេសចិន ដើម្បីបម្រើឱ្យការផលិតសម្រាប់នាំចេញវិញ និងផ្គត់ផ្គង់ក្នុងស្រុក។
លោកប៉ែន សុវិជាតិ លើកឡើងបែបនេះធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «មធ្យោបាយជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានពន្យល់ថា កម្ពុជាមានជំនាញ ក្នុងការផលិតសម្លៀកបំពាក់ កាបូបធ្វើដំណើរ កង់ គ្រឿងបន្លាស់ គ្រឿងបង្គុំ បន្ទះសូឡា និងទំនិញប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការផលិតនូវផលិតផលទាំងនេះ គឺមានតម្រូវការទៅលើការវត្ថុដើម ដែលតម្រូវឱកម្ពុជាត្រូវនាំចូលនូវវត្ថុធាតុពីបណ្តាប្រទេសជិតខាង ជាពិសេសប្រទេសចិន ដូចជាក្រណាត់ ឡេវ ខ្សែរូត កាវបិទស្បែកជើង ស្បែក ក៏ដូចជាគ្រឿងបង្គុំឬគ្រឿងបន្លាស់រថយន្តមួយចំនួន ដើម្បីផលិតជាផលិតផលសម្រេចនាំចេញទៅកាន់ទីផ្សារនានា និងផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ព្រមជាមួយគ្នា កម្ពុជាក៏មាននាំចូលនូវសម្ភារសំណង់ បម្រើឱ្យការសាងសង់ផងដែរ។ ហេតុនេះហើយ ទើបតួលេខបង្ហាញថាការនាំចូលច្រើនជាងការនាំចេញ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រយៈពេល៤ខែដើមឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ មានតម្លៃជាង១៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជាចេញទំនិញមានតម្លៃជាង៨ពាន់លានដុល្លារ និងនាំចូលមកវិញមានតម្លៃ ៨.៦ពាន់លានដុល្លារ៕
សូមស្តាប់ និងទស្សនាការពន្យល់បន្ថែម របស់ លោក ប៉ែន សុវិជាតិ៖