(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤៧២ ២៥៨នាក់ កើន៣៦.៩៨% និងទទួលបានចំណូល ២២ ២០៦ ៨៩១ដុល្លារអាមេរិក កើនឡើង៣៨.២២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
រយៈពេល៥ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៤៤ ៥១៦ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕