(ហាងណូយ)៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Nguyen Duc Chi បាននិយាយថា ពលរដ្ឋដែលរកប្រាក់ចំណូលបានពីលក់ទំនិញតាមរយៈការផ្សាយផ្ទាល់ត្រូវតែប្រកាសនិងបង់ពន្ធលើប្រាក់ចំណូល។ នេះបើយោងតាមកាសែទ VN Express។
លោក Nguyen Duc Chi បានថ្លែងនៅក្នុងសន្និសីទកាសែតរបស់រដ្ឋាភិបាលកាលពីចុងសប្តាហ៍មុនថា ក្នុងនាមជាសកម្មភាពសេដ្ឋកិច្ចមួយដែលអាចបង្កើតប្រាក់ចំណូលបានច្រើនមួយ ការលក់តាមរយៈការផ្សាយបន្តផ្ទាល់ ឬហៅថា Livestream selling ដូចទៅនឹងការទិញលក់ទំនិញទាំងអស់នៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកគួរតែស្ថិតនៅក្រោមច្បាប់ពន្ធ។ការលក់ទំនិញតាមរយៈការផ្សាយបន្តផ្ទាល់ ជាពិសេសនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកំពុងតែមានការពេញនិយមកាន់តែខ្លាំងឡើង និងអាចមានចំណែកប្រហែឡ ២០% នៃការលក់ពាណិជ្ជកម្មអេឡិចត្រូនិកសរុបនៅដើមឆ្នាំ២០២៦ នេះបើយោងតាមការព្យាករដោយក្រុមហ៊ុនប្រឹក្សា McKinsey & Company។
យោងតាមកាសែទ VN Express នៅក្នុងសន្និសីទនេះ ក្រសួងហិរញ្ញវត្ថុវៀតណាមបានចង្អុលបង្ហាញថា អាជីវកម្មនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែមានភាពចម្រុះ។ ដើម្បីពង្រឹងការប្រមូលពន្ធ អាជ្ញាធរវៀតណាមបានស្នើរវិធានការមួយចំនួនដូចជា ការធ្វើវិសោធនកម្មបទប្បញ្ញត្តិ ដើម្បីតម្រូវឱ្យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកប្រកាសនិងបង់ពន្ធក្នុងនាមអ្នកលក់បុគ្គលនៅលើវេទិការបស់ក្រុមហ៊ុនទាំងនោះ។
ក្រសួងបាននិយាយថា ការណ៍នេះអាចកាត់បន្ថយភាពស្មុគស្មាញនៃការប្រកាសពន្ធ និងកាត់បន្ថយការចំណាយរដ្ឋបាល។
ប្រាក់ចំណូលជាប់ពន្ធកាលពីឆ្នាំមុនដែលបង្កើតឡើងដោយវិស័យពាណិជ្ជកម្មអេឡិចត្រូនិកមានចំនួនប្រហែល ១៣៧,៧ពាន់លានដុល្លារអាមេរិក ដែលបង្កើតប្រាក់ពន្ធបានចំនួន ៩,៧ពាន់ពាន់លានដុង ឬប្រហែល ៤១៦លានដុល្លារអាមេរិកកើនឡើង ១៤% ពីឆ្នាំ ២០២២។ នេះបើយោងតាមកាសែត VN Express៕