(ភ្នំពេញ)៖ ក្រុមហ៊ុន Otis McAllister ដែលជាក្រុមហ៊ុនផ្គត់ផ្គង់អាហារដ៏ធំមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញការពេញចិត្ត ចំពោះគុណភាពអង្ករកម្ពុជា ដែលនាពេលខាងមុខក្រុមហ៊ុន នឹងពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។
តំណាងក្រុមហ៊ុន Otis McAllister បង្ហាញការពេញចិត្ត ចំពោះគុណភាពអង្ករកម្ពុជានេះធ្វើឡើងក្នុងជំនួបរវាង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីពិភាក្សាការងារ ស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជា សម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងជំនួបនោះលោកអនុប្រធានប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវមោទនភាព និងការពេញចិត្តនូវភាពរីកចម្រើនជារួមរបស់កម្ពុជា ដែលខុសប្លែកពីអ្វីដែលលោកធ្លាប់បានទទួលព័ត៌មាន នៅខាងក្រៅ។ លើសពីនេះលោកបានកត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករ ដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។
លោកស្រី ចម និម្មល បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង១៦ ដែលជាសមាជិករបស់សហព័ន្ធ ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជា ចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងជំនួបនេះ លោក Patrick Murphy បានបង្ហាញការពេញចិត្តចំពោះគុណភាពអង្ករកម្ពុជា ហើយលោកនឹងសិក្សាទៅលើរោងម៉ាស៊ីនកិនស្រូវ ដែលមានសក្តានុពល ដើម្បីអាចផ្គត់ផ្គង់ដល់ក្រុមហ៊ុនបាន។ នៅពេលខាងមុខ លោកនឹងត្រឡប់មកវិញ ដើម្បីធ្វើការបញ្ជាទិញពីកម្ពុជា ក្នុងនោះអង្ករដែលក្រុមហ៊ុននេះ រកទិញគឺប្រភេទអង្ករក្រអូប។
លោកបានលើកឡើងថា សហរដ្ឋអាមេរិកគឺជាទីផ្សារធំ ដោយក្នុងមួយឆ្នាំៗ បាននាំចូលអង្ករប្រមាណជាង១លានតោន និងមាននិន្នាការប្រើប្រាស់អង្ករក្រអូបច្រើន ដោយសារប្រទេសនេះជាប្រទេសដែលមានចម្រុះជាតិសាសន៍រស់នៅ ដែលធ្វើឱ្យតម្រូវការអង្ករក្រអូបមានការកើនឡើង។ លោកយល់ថា ប្រសិនបើមានបញ្ជាទិញពីសហរដ្ឋអាមេរិក នាពេលខាងមុខ នឹងអាចស្រូបយកអង្ករក្រអូបពីកម្ពុជា ច្រើនជាងសហភាពអឺរ៉ុប២ដង។
ក្រុមហ៊ុន Otis McAllister គឺជាក្រុមហ៊ុនអាហារចំណាស់បំផុតមួយនៅក្នុងតំបន់ San Francisco Bay ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានទីស្នាក់ការនៅរដ្ឋ Oakland និងធ្វើអាជីវកម្មនៅក្នុងប្រទេសជាង១៦ នៅជុំវិញពិភពលោក៕