(ថៃ)៖ ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូអិលធីឌី (សហគ្រាសកិនស្រូវ អៀង ហ៊ាង) ដែលជាក្រុមហ៊ុនផលិតអង្ករនាំមុខមួយនៅកម្ពុជា ដឹកនាំដោយលោក ហ៊ាង គីមស៊ួរ នាយកផ្នែកទីផ្សារនាំចេញអង្ករ បាននាំយកនូវអង្ករផ្កាម្លិះ និងអង្ករក្រអូបប្រណិតរបស់កម្ពុជា ចូលរួមការតាំងពិព័រណ៌ THAIFEX ANUGA ASIA 2024 ដែលបានប្រព្រឹត្តនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា ការតាំងពិព័រណ៌ THAIFEX ANUGA ASIA 2024 នេះគឺជាការតាំងពិព័រណ៌ចំណីអាហារលំដាប់ថ្នាក់អន្តរជាតិមួយ ដែលមានការចូលរួមការតាំងពិព័រណ៌ផលិតផល ដោយក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួនប្រមាណ ៣,០០០ មកពីជាង ៥០ប្រទេស និងបានទាក់ទាញទស្សនិកជនចំនួនប្រមាណ ៨៥,០០០នាក់ មកពីជាង១៣០ប្រទេស។

នៅក្នុងអំទ្បុងពេលតាំងពិព័រណ៌នេះ គណៈប្រតិភូ ICAPP ដឹកនាំដោយលោក សួស យ៉ារ៉ា អនុប្រធាន ICAPP និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ព្រមទាំងទស្សនិកជនបរទេសជាច្រើន បានមកចូលរួមទស្សនាស្តង់ពិព័រណ៌ផលិតផលកម្ពុជា រួមទាំងស្តង់ផលិតផលអង្គររបស់ ក្រុមហ៊ុន អៀង ហ៊ាង ដើម្បីស្វែងយល់អំពីគុណភាព និងរសជាតិអង្ករប្រណិតរបស់កម្ពុជា ដែលធ្លាប់ទទួលបានពានរង្វាន់អង្ករល្អជាងគេនៅលើពិភពលោក (World Best Rice) ចំនួន ៥ ដង៕