(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា និយ័តករមូលបត្រកម្ពុជា ស្វាគមន៍ក្នុងការពិភាក្សា និងចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ SMEs ដែលចង់ឈានជើងចូលទីផ្សារមូលបត្រ កៀរគរទុនសម្រាប់ពង្រីកអាជីវកម្ម។
លោក ស៊ូ សុជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការឈានចូលទីផ្សារមូលបត្រ របស់សហគ្រាសធុនតូច និងមធ្យម៖ បទពិសោធន៍នៅប្រទេសថៃ» ដែលរៀបចំដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយក្រុមហ៊ុន អេ ភី អិម (ខេមបូឌា) ស៊ីឃ្យួរឹធី ឯ.ក និងក្រុមហ៊ុន Asset Pro Management Co.,Ltd. ពីប្រទេសថៃ ដោយមានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។
លោកបញ្ជាក់ថា SMEs គឺជាតួអង្គសំខាន់ក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះការជួយលើកកម្ពស់ SMEs ឱ្យមានភាពរឹងមំា និងលទ្ធភាពក្នុងការទទួលបានដើមទុន ដើម្បីពង្រីកអាជីវកម្មបន្ថែមទៀត គឺជាកិច្ចការចាំបាច់។ ហេតុដូច្នេះហើយ ន.ម.ក. បានធ្វើវិសោធនកម្មប្រកាស ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅក្នុងឆ្នាំ២០១៥ ដើម្បីអាចអនុញ្ញាតឱ្យ SMEs ប្រមូលទុនតាមរយៈទីផ្សារមូលបត្រ។ ការប្រមូលទុនតាមរយៈទីផ្សារមូលបត្រ គឺជាយន្តការមួយដែលអាចជួយលើកកម្ពស់ និងតម្រង់ទិស SMEs ដើម្បីពង្រឹងអាជីវកម្មប្រកបដោយតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ និងនិរន្តរភាព ដែលធ្វើឱ្យ SMEs នៅកម្ពុជាអាចធ្វើការប្រកួតប្រជែងជាមួយសហគ្រាសក្នុងតំបន់បាន។
លោកបន្តថា SMEs នៅកម្ពុជាត្រូវការហិរញ្ញប្បទានបន្ថែម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនប្រហែល ៧០% នៃចំនួន SMEs សរុប ហើយជាធម្មតាត្រូវការដើមទុនពី ៣០% ទៅ៥០% នៃដើមទុនវិនិយោគសរុប ដើម្បីធ្វើការពង្រីកអាជីវកម្ម។ កន្លងមកក្នុងការទទួលបានទុន គឺគាត់គេតែងតែខ្ចីពីធនាគារ។ ក៏ប៉ុន្តែឥឡូវនេះ មានប្រភពហិរញ្ញប្បទានមួយផ្សេងទៀត គឺទីផ្សារមូលបត្រ។
តែយ៉ាងនេះក្តី លោកបានកត់សម្គាល់ថា SMEs ភាគច្រើនបានប្រឈមមុខនឹងបញ្ហាធំៗ នៅពេលនិយាយអំពីការទទួលបានហិរញ្ញប្បទាន តាមរយៈទីផ្សារមូលបត្រ ហើយដែលចាំបាច់ត្រូវតែដោះស្រាយ។ បញ្ហាទាំងនោះដូចជា៖ ការគ្រប់គ្រងផ្ទៃក្នុង ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងតំបន់ ដើមទុនវិនិយោគរយៈពេលខ្លី និងកង្វះបច្ចេកវិទ្យាបច្ចេកវិទ្យាឌីជីថលជាដើម។
លោកបន្ថែមថា «ន.ម.ក. រីករាយស្វាគមន៍នៅក្នុងការជួបពិភាក្សា ពីបញ្ហាប្រឈមរបស់ SMEs និងស្វែងរកដំណោះស្រាយរួម ដើម្បីសម្រេចគោលដៅរួមរបស់យើង គឺលើកកម្ពស់ការអភិវឌ្ឍ SMEs និងសេដ្ឋកិច្ចកម្ពុជា។ ខ្ញុំសង្ឃឹមថា តាមរយៈសិក្ខាសាលានេះ នឹងផ្ដល់អត្ថប្រយោជន៍ សម្រាប់ SMEs យើងដោយនឹងបានស្វែងយល់ពីអ្នកជំនាញក្នុងវិស័យនេះ ចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីរបៀបដែល SMEs អាចឈានចូលទីផ្សារមូលបត្រ ក៏ដូចជាការត្រៀមខ្លួនចូលក្នុងទីផ្សារមូលបត្រ ដើម្បីជំរុញការអភិវឌ្ឍ SMEs នៅកម្ពុជា»។
លោកបន្តថា «ការកៀរគរប្រភពទុនតាមរយៈទីផ្សារមូលបត្រ នឹងលើកកម្ពស់នូវឧត្តមភាព កិត្យានុភាព និងនិរន្តរភាពរបស់ SMEs នៅកម្ពុជា។ ដូចនេះ ខ្ញុំសូមអំពាវនាវដល់ SMEs ដែលមានចំណាប់អារម្មណ៍នៅក្នុងការកៀរគរមូលធន តាមរយៈទីផ្សារមូលបត្រ ឬចក្ខុវិស័យនៅក្នុងការរៀបចំខ្លួន ឱ្យក្លាយជាក្រុមហ៊ុនដែលមានស្តង់ដា និងមានអភិបាលកិច្ចល្អ អាចធ្វើការទំនាក់ទំនងមក ន.ម.ក. ដោយផ្ទាល់ ឬក៏អាចស្នើសុំការជួយគាំទ្រតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឬសហគ្រិនវ័យក្មេងកម្ពុជាក៏បាន។ ពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់បេសកកម្មនេះ»។
លោក ហ៊ត ផេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ការចូលរួមប្រតិបត្តិការក្នុងទីផ្សារមូលបត្រកម្ពុជា របស់ម្ចាស់សហគ្រាស គឺជាសកម្មភាពដ៏វិសេសវិសាល ចូលរួមចំណែកដល់ការទាក់ទាញវិនិយោគបន្ថែម និងកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ម្យ៉ាងទៀត ទីផ្សារមូលបត្រក៏ជាយន្តការមួយ ជួយផ្សព្វផ្សាយជាសាធារណៈអំពីសកម្មភាពសេដ្ឋកិច្ចរបស់សហគ្រាស ដែលកំពុងប្រតិបត្តិផលិតកម្ម អាជីវកម្ម និងសេវាកម្ម ប៉ុន្តែត្រូវមានអនុលោមភាពស្តង់ដារ ដើម្បីធានាបាននូវការប្រកួតប្រជែងប្រកបដោយស័ក្តិសិទ្ធភាព។
តាមលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ បានបង្ហាញថា កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣, ៦៧០ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ រីឯសហគ្រាសធុនមីក្រូ តូច និងមធ្យម ផ្នែកកម្មន្តសាលដែលបានចុះបញ្ជីនៅក្នុងក្របខណ្ឌ ក្រសួងឧស្សាហកម្ម មានចំនួន ៤៤,៦២៥មូលដ្ឋាន និងបង្កើតការងារចំនួន ៤៦៦,៥៩៤នាក់ ក្នុងនោះ ការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា CamDX មានចំនួន ៣៩១មូលដ្ឋាន និងបង្កើតការងារ ១,៣២១នាក់ គិតត្រឹមឆ្នាំ២០២៤៕