(ភ្នំពេញ)៖ ការនាំចេញក្នុង៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣០២ ៥៩២ តោន គិតជាទឹកប្រាក់បានចំនួន ២១៩.៩១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣០២,៥៩២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៩ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះ រួមមាន៖
* ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៦,៥២៨តោន គិតជាទឹកប្រាក់ចំនួន ១០៤.៤០លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៣,៣២០តោន គិតជាទឹកប្រាក់ចំនួន ៤៦.២០លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន ៦៥,៤១២តោន គិតជាទឹកប្រាក់ចំនួន ៤៦.៣៤ លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់គោលដៅ២៧ផ្សេងទៀត រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ២៧,៣៣០តោន គិតជាទឹកប្រាក់ចំនួន២២,៩៦លានដុល្លារសហរដ្ឋអាមេរិក។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧១.១៣% ប្រភេទអង្ករស ធម្មតា ២៤.៧៥% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ១.៤៣% និងអង្ករផ្សេងៗចំនួន ០.២៦%។
ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ២,៤៧៣,២១២តោនស្រូវសើម ដែលគិតជាទឹកប្រាក់ បានប៉ាន់ប្រមាណជាង ៧១០.២៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕