(ប៉េកាំង)៖ ឧស្សាហកម្មថាមពលថ្មី របស់ប្រទេសចិន កំពុងនាំមុខគេដោយមានសមត្ថភាពផ្គត់ផ្គង់ ប្រកបដោយគុណភាពខ្ពស់ នៅទូទាំងពិភពលោក។ នេះបើយោងតាមរបាយការណ៍ China Insight ស្តីពី «ឧស្សាហកម្មថ្មីទាំង៣» របស់ប្រទេសចិន។

របាយការណ៍ពិសេសដែលចេញផ្សាយនៅឆ្នាំ២០២៤ ដោយនាយកដ្ឋានអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិម របស់បក្សកុម្មុយនីស្តចិន (CPC) បានបង្ហាញថា តម្លៃនាំចេញនៃឧស្សាហកម្មថ្មីទាំង៣ (New Trio) របស់ប្រទេសចិន ដែលរួមមានរថយន្តអគ្គិសនី អាគុយលីចូមអ៊ីយ៉ុង (lithium-ion) និងផលិតផលថាមពលពន្លឺព្រះអាទិត្យ បានកើនឡើងដល់ចំនួន ១,០៦ពាន់ពាន់លានយន់ (១៤៦,៥ពាន់លានដុល្លារ) ដែលកើនឡើងគួរឱ្យកត់សម្គាល់ជិត ៣០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២២។ តួលេខនេះបានកើនឡើងខ្ពស់ជាងតួលេខ ១ពាន់ពាន់លានយន់ជាលើកដំបូង។

របាយការណ៍ពិសេសនេះបានឱ្យដឹងថា៖ «ប្រទេសចិនបាននាំចេញរថយន្តអគ្គិសនីជាង ១,៧៧លានគ្រឿង ដែលជាកំណើនគួរឱ្យកត់សម្គាល់ ៦៧ភាគរយធៀបនឹងឆ្នាំ២០២២។ បន្ថែមពីលើនេះ ប្រទេសចិនកាន់កាប់ចំណែកទីផ្សារអាគុយសាកលជាង ៦០ភាគរយ ដោយក្រុមហ៊ុនចំនួនប្រាំមួយ ក្នុងចំណោមក្រុមហ៊ុនអាគុយកំពូលទាំង១០ នៅទូទាំងពិភពលោកបានគឺជាក្រុមហ៊ុនរបស់ប្រទេសចិន»

ជាងនេះទៀត ផលិតកម្មម៉ូឌុលថាមពលពន្លឺព្រះអាទិត្យ របស់ប្រទេសចិន បានរក្សាការនាំមុខជាសកលរបស់ខ្លួន រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយការផលិតម៉ូឌុលប៉ូលីស៊ីលីកូន និងម៉ូឌុលហ្វូតូវ៉ុលធេអ៊ីក (photovoltaic) មានចំណែក ៨០ភាគរយនៃទីផ្សារពិភពលោក។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ ថាមពលអន្តរជាតិ (IEA) ក្នុងឆ្នាំ២០២៣ សមត្ថភាពផលិតថាមពលកកើតឡើងវិញ ជាសកលបានកើនឡើង ៥១០លានគីឡូវ៉ាត់ ដោយក្នុងនោះប្រទេសចិនមានចំនួន ជាងពាក់កណ្តាលនៃកំណើននេះ។ ការចូលរួមចំណែកដ៏ច្រើនពីប្រទេសចិននេះ បានធ្វើឱ្យថាមពលស្អាតមានកំណើនយ៉ាងខ្លាំង និងជួយឱ្យថាមពលនេះមានតម្លៃសមរម្យនៅទូទាំងពិភពលោក។

របាយការណ៍ពិសេសដដែលនេះ បានបន្ថែមថា ផលិតផលថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យរបស់ចិន ត្រូវបាននាំចេញទៅកាន់ប្រទេសនិងតំបន់ជាង២០០ ដោយសម្រួលដល់ការទទួលបានប្រភពថាមពល ដែលអាចទុកចិត្តបាន និងប្រកបដោយនិរន្តរភាព៕