(ប៉េកាំង)៖ សារព័ត៌មាន Global Times របស់រដ្ឋចិនបានរាយការណ៍ថា ទីក្រុងប៉េកាំងចង់ឱ្យសហភាពអឺរ៉ុបលុបចោលពន្ធគយបឋមរបស់ខ្លួនលើរថយន្តអគ្គិសនីរបស់ចិនដែលគ្រោងចូលជាធរមាននៅថ្ងៃទី៤ ខែកក្កដាខាងមុននេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងភាគីរវាងទាំងពីរដើម្បីរៀបចំកិច្ចចរចាពាណិជ្ជកម្មថ្មីៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ពន្ធគយបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបដែលដកហូតក្នុងអត្រារហូតដល់ ៣៨,១ភាគរយលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិននឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី៤ ខែកក្កដា ខណៈពេលដែលសភាពអឺរ៉ុបស៊ើបអង្កេតអ្វីដែលខ្លួនអះអាងថាជាការឧបត្ថម្ភធនហួសហេតុនិងមិនយុត្តិធម៌ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន។
ប្រទេសចិនបានអំពាវនាវម្តងហើយម្តងទៀតឱ្យសហភាពអឺរ៉ុបលុបចោលពន្ធគយរបស់ខ្លួនដោយបង្ហាញពីឆន្ទៈក្នុងការចរចា។ ទីក្រុងប៉េកាំងមិនចង់ពាក់ព័ន្ធក្នុងសង្គ្រាមពន្ធគយមួយទៀតទេ ខណៈពេលដែលប្រទេសនេះកំពុងជាប់គាំងក្នុងជម្រោះពន្ធគយជាមួយសហរដ្ឋអាមេរិកលើទំនិញរបស់ខ្លួនដែលបានដាក់ដោយរដ្ឋាបាលភិបាលលោក ដូណាល់ ត្រាំ ប៉ុន្តែចិនបានឱ្យដឹងថា ខ្លួននឹងចាត់វិធានការទាំងអស់ដើម្បីការពារក្រុមហ៊ុនចិនប្រសិនបើការដំឡើងពន្ធគយកើតឡើងមែននោះ។
ភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមកិច្ចចរចាឡើងវិញអំពីពន្ធគយបន្ទាប់ពីមានការហៅទូរស័ព្ទរវាងស្នងការសហភាពអឺរ៉ុបលោក Valdis Dombrovskis និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao កាលពីថ្ងៃសៅរ៍សប្តាហ៍មុនក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ដែលបាននិយាយថា ទ្វារសម្រាប់ការពិភាក្សាគឺ «នៅបើកចំហ»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លទ្ធផលល្អបំផុតនៃកិច្ចពិភាក្សានេះគឺថា សហភាពអឺរ៉ុបបានសម្រេចចិត្តពន្យាពេលការអនុវត្តការដកហូតពន្ធគយរបស់ខ្លួនដែលគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា នេះបើយោងតាម Global Times ដែលបានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យដោយដកស្រង់សម្តីអ្នកសង្កេតការណ៍នានា។
កាសែត Global Times បានបន្ថែមថា វិធានការគាំពារនិយមកាន់តែខ្លាំងឡើងរបស់សហភាពអឺរ៉ុបនឹងបង្កឱ្យមានវិធានការតបតពីប្រទេសចិន ហើយការកើនឡើងជម្លោះពាណិជ្ជកម្មនឹងនាំទៅរកលទ្ធផល «ចាញ់-ចាញ់» សម្រាប់ភាគីទាំងពីរ។ ពន្ធគយនេះនឹងត្រូវសិក្សាបញ្ចប់នៅថ្ងៃទី២ ខែវិច្ឆិកានៅពេលបញ្ចប់ការស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប៕