(កូឡុំបូ)៖ រដ្ឋាភិបាលស្រីលង្កាបានឱ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបំណុលដែលបានពន្យារពេលជាយូរជាមួយប្រទេសផ្តល់ប្រាក់កម្ចីទ្វេភាគីរបស់ខ្លួនរួមទាំងប្រទេសចិន ដើម្បីបំពេញតាមលក្ខខណ្ឌសំខាន់មួយក្នុងការទទួលបានមូលនិធិសង្គ្រោះរបស់មូលនិធិ IMF។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កាលោក Bandula Gunawardana ខណៈថ្លែងថា គណៈប្រតិភូរតនាគារស្រីលង្កាកំពុងធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលនៅថ្ងៃពុធ។
ប្រទេសស្រីលង្កាបានបរាជ័យសងបំណុលបរទេសរបស់ខ្លួនក្នុងខែមេសា ឆ្នាំ២០២២ បន្ទាប់ពីអស់រូបិយប័ណ្ណបរទេស ហើយវិបត្តិសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកបានបង្ខំឱ្យអតីតប្រធានាធិបតី Gotabaya Rajapaksa ចុះចេញពីដំណែង។
រដ្ឋាភិបាលបានរំពឹងថានឹងមានកិច្ចព្រមព្រៀងបំណុលជាមួយម្ចាស់បំណុលទាំងអស់របស់ខ្លួនមុនដំណាច់ឆ្នាំ ២០២២ ប៉ុន្តែការចរចាបានអូសបន្លាយ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ម្ចាស់បំណុលទ្វេភាគីកាន់កាប់បំណុលចំនួន ២៨,៥ភាគរយនៃបំណុលបរទេសបច្ចុប្បន្នរបស់ប្រទេសស្រីលង្កាចំនួន ៣៧ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទិន្នន័យរតនាគារស្រីលង្កានៅដំណាច់ខែមីនា។
ប្រទេសចិនគឺជាម្ចាស់បំណុលទ្វេភាគីធំជាងគេដែលមានចំនួន ៤,៦៦ពាន់លានដុល្លារអាមេរិកក្នុងចំណោមបំណុលសរុប ១០,៥៨ពាន់លានដុល្លារដែលបានខ្ចីពីប្រទេសផ្សេងទៀត។ ជប៉ុនជាប់ចំណាត់ថ្នាក់លេខ២ ដែលមានទឹកប្រាក់បំណុល ២,៣៥ ពាន់លានដុល្លារ និងឥណ្ឌាជាប់លេខ ៣ មាន ១,៣៦ ពាន់លានដុល្លារ៕