(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានបន្តផ្សព្វផ្សាយសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ (SOP Audit) និងសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ (SOP Investigation) ជូនភាគីពាក់ព័ន្ធឱ្យបានទូលំទូលាយអំពីខ្លឹមសារទាំងស្រុងនៃសៀវភៅទាំងពីរនេះ ដើម្បីជាចំណេះដឹងក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងផ្សព្វផ្សាយបន្តជូនអ្នកជាប់ពន្ធនិងសាធារណជនទូទៅដទៃទៀត។
ការផ្សព្វផ្សាយសៀវភៅទាំងពីរនេះ ដើម្បីសម្រួលបរិយាកាសធុរកិច្ចនិងការវិនិយោគ ដោយចៀសវាងការធ្វើសវនកម្មត្រួតគ្នាច្រើនលើកច្រើនសារ និងបង្កើតស្តង់ដាររួមឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាពសម្រាប់ការអនុវត្តរវាងមន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងការងារសវនកម្មពន្ធដារនិងការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ SOP ទាំងពីរត្រូវបានរៀបចំនិងដាក់ឱ្យអនុវត្ត។
SOP ទាំងពីរ មានគោលបំណងផ្តល់ជាមធ្យោបាយឱ្យអ្នកជាប់ពន្ធ សាធារណជន ក៏ដូចជាមន្ត្រីពន្ធដារទាំងអស់បានយល់អំពីទិដ្ឋភាពទាំងស្រុងនៃ ១.មុខងារសវនកម្មពន្ធដារនិងមុខងារស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ២.គោលការណ៍សំខាន់ៗ ៣.បែបបទ នីតិវិធី និងរំហូរការងារ ៤.សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធអ្នកជាប់ពន្ធ និងតំណាងអ្នកជាប់ពន្ធ ៥.ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ ៦.យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង៧.យន្តការរាយការណ៍ និងប្តឹង។
ក្នុងកិច្ចប្រជុំនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញ ពន្យល់ បកស្រាយលម្អិត និងក្បោះក្បាយអំពីអំពីខ្លឹមសារនីមួយៗ នៃ SOP ទាំងពីរនេះ ដល់អង្គប្រជុំទាំងមូល ព្រមទាំងបានឆ្លើយតបនូវសំណួរជាច្រើនយ៉ាងផុលផុស៕