(វ៉ាស៊ីងតោន)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុន តូយ៉ូតា (Toyota) កំពុងប្រមូលរថយន្តចំនួន ១៤៥ ២៥៤គ្រឿងនៅសហរដ្ឋអាមេរិកដើម្បីជួសជុលពោងសុវត្ថិភាពស្ថិតនៅចំហៀងរថយន្តដែលអាចផ្ទុះមិនត្រឹមត្រូវ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្នុងករណីគ្រោះថ្នាក់ ពោងសុវត្ថិភាពចំហៀងបម្រើជារនាំងជួយការពារការរុញច្រានអ្នកនៅក្នុងរថយន្តចេញពីរថយន្ត។ ទោះជាយ៉ាងណា រដ្ឋបាល NHTSA បាននិយាយថា នៅក្នុងរថយន្តតូយ៉ូតាមួយចំនួន ពោងសុវត្ថិភាពចំហៀងរបស់អ្នកបើកបរអាចនឹងផ្ទុះចេញមិនទៅតាមការចង់បានពីរោងចក្រផលិត ហើយអាចផ្ទុះចេញទៅខាងក្រៅរថយន្តមួយផ្នែក។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រថយន្តដែលត្រូវប្រមូលមកវិញនេះប៉ះពាល់ដល់រថយន្តប្រភេទ SUV និងរថយន្តកូនកាត់ស៊េរីឆ្នាំ២០២៤ មួយចំនួនដូចជា Toyota Grand Highlander, Grand Highlander Hybrid, Lexus TX350, TX500 Hybrid និង TX550 Hybrid+៕