(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ បានថ្លែងថា មជ្ឈមណ្ឌលនឹងនៅតែបន្តព្យាយាមក្នុងការកសាង និងជួយគាំទ្រធុរកិច្ចថ្មីៗជាបន្តទៀត ទាំងផ្នែកស្មារតី ទាំងថវិកាផ្សេងៗបើសិនជាមានតម្រូវការ និងជួយក្នុងការផ្គូរផ្គងជាមួយនឹងវិនិយោគិន ដើម្បីឱ្យក្រុមធុរកិច្ចថ្មី អាចមានឱកាសក្នុងការស្វែងរកទុនបន្ថែមទៀត ដើម្បីពង្រីអាជីវកម្មឱ្យកាន់តែប្រសើរនាពេលអនាគត។
លោកបណ្ឌិត តាំង ងួនលី បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាឱកាសដែលមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី តេជោ (ម.ធ.ត.) បានរៀបចំ«ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គចុងក្រោយនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣ ដែលមានការចូលរួមពីសំណាក់កញ្ញា Chin Aster ប្រធានផ្នែកទំនាក់ទំនងសារធារណៈនៃសហគ្រិនខ្មែរ, លោកស្រី ធាម រមណីយ ដែលជានាយិកាទំនាក់ទំនងគូភាគី - ប្រធានគ្រប់គ្រងតំបន់នៃធនាគារ ABA, និងស្ថាប័នដៃគូជាច្រើនទៀតផងដែរ។
កម្មវិធីនេះគឺជាកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មីដែលអាចបង្កើត និងផ្ដល់ជាថ្នាលឌីជីថល ឬដំណោះស្រាយបែបឌីជីថលប្រកបដោយនវានុវត្តន៍ឆ្លើយតបនឹងតម្រូវការទីផ្សារ។ កម្មវិធី នេះត្រូវបានរៀបចំក្នុងរយៈពេល ១៤សប្ដាហ៍ និងបែងចែកជា៣ ដំណាក់កាលរួមមាន៖ វគ្គជំរុំចាប់ផ្តើម (Bootcamp), វគ្គពន្លឿនអាជីវកម្ម (Acceleration), និង ថ្ងៃបទបង្ហាញសាធារណៈ (Demo Day)។
លោកបណ្ឌិត តាំង ងួនលី បានបន្ថែមថា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ កំពុងគាំទ្រដល់ធុរកិច្ចថ្មីឲ្យក្លាយជាក្រុមហ៊ុនដែលអាចផ្តល់នូវសេវា និងផលិតផលថ្មីៗ មានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងជាការចូលរួមចំណែកលើកកម្ពស់ដល់ កំណើនសេដ្ឋកិច្ចជាតិផងដែរ។
ជាមួយគ្នានោះដែរជុំវិញកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល លោកបណ្ឌិតបានបង្ហាញនូវសេចក្តីសោមនស្សរីករាយសម្រាប់សមិទ្ធិផលនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣នេះ នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការជ្រោមជ្រែងធុរកិច្ចថ្មី ដែលមានសក្តានុពលខ្ពស់ នៅប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីក្នុងកម្ពុជា ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
លោកបណ្ឌិត តាំង ងួនលី ក៏បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការ បណ្ដុះបណ្ដាលធនធានទេពកោសល្យ និងបណ្តុះស្មារតីសហគ្រិនបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា សម្រាប់កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣ បានទទួលពាក្យស្នើសុំពីបេក្ខជនចំនួន ៧០ក្រុម ក្រោយការសម្រាំង និងឆ្លងកាត់ ៣ដំណាក់កាលរួចមក កម្មវិធីបានរកឃើញធុរកិច្ចឆ្នើមចំនួន៥ រួមមាន Golden Spiral Co., Ltd., Mainichi Digital, Polymer Invoice, Scholarar, និង Zippy Express ដែលអាចឈានបន្តទៅកាន់ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣។ ទន្ទឹមនឹងនេះ កម្មវិធីក៏បានផ្តល់ជូនទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free Investments) សរុបចំនួន ១២៨លានរៀលដល់ធុរកិច្ចថ្មីឆ្នើមទាំង៥ ក្រុមដោយក្រុមនីមួយៗទទួលបានប្រាក់វិនិយោគចំនួន ២០លានរៀល។
តាមរយៈការធ្វើបទបង្ហាញអំពីអាជីវកម្មនៅក្នុងវគ្គផ្តាច់ព្រ័ត្រ, គណៈកម្មការបានសម្រេចផ្តល់នាម “Top Performance” ទៅកាន់ Polymer Invoice ជាមួយនឹងទឹកប្រាក់ ២០ លានរៀល និងនាម “Most Collaborative” ទៅកាន់ Scholarar ជាមួយនឹងទឹកប្រាក់ ៨ លានរៀលផងដែរ៕