(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៦ និងរសៀលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យលើការស្នើរបស់វិនិយោគិន និងធុរជនដោយបានសម្រេចជាគោលការណ៍ ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការដោះស្រាយវិវាទចំនួន ២២គម្រោង ក្រោមទុនវិនិយោគជាង ២ពាន់លានដុល្លារអាមេរិក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងបរិស្ថាន, ក្រសួងសុខាភិបាល, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, ព្រមទាំងមន្រ្តី និងបុគ្គលិកជំនាញពាក់ព័ន្ធ។
គម្រោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៣, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង (គម្រោងថ្មី) ចំនួន៧ និង គម្រោងពង្រីកចំនួន២ ដែលមានសកម្មភាពលើការផលិតសំបកកង់រថយន្ត, ការផលិតបន្ទះសូឡា, សណ្ឋាគារ, រមណីយដ្ឋាន, ការអភិវឌ្ឍលំនៅដ្ឋាន, អគារពហុមុខងារ, សាលារៀន, និង មន្ទីរពេទ្យ។
គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និង បរទេស និង មានទំហំតូច មធ្យម និង ធំ ដែលមានទុនចាប់ពី ១០០ ០០០ ដុល្លារអាមេរិក ដល់ ៥០០ ០០០ ០០០ដុល្លារអាមេរិក ។
ការលើកទឹកចិត្តពិសេសខាងលើ ធ្វើឡើងស្របតាម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤។
តាមរយៈនេះ និងជាបន្តបន្ទាប់ គិតចាប់ពីខែកុម្ភៈមកដល់បច្ចុប្បន្ន, ក្រុមការងារបានសម្រេចជាគោលការណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ចចំនួន៦៣។ ក្នុងពេលខាងមុខដ៏ខ្លីនេះ, ក្រុមការងារនឹងធ្វើការពិនិត្យលើការស្នើការលើកទឹកចិត្ត ពិសេសរបស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន២៦បន្ថែមទៀត។
សូមជម្រាបជូនថា ការផ្តល់ការលើកទឹកចិត្តពិសេស មានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៤ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដំណើរការបានក្នុងឆ្នាំ ២០២៤, ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច និង ៤) គម្រោងដែលមានស្រាប់។ ពិតណាស់ថា ការផ្តល់អត្ថប្រយោជន៍ពិសេស គឺផ្តល់ជូនដល់ម្ចាស់គម្រោងគ្រប់ជាតិសាសន៍ ដែលប្រកបធុរកិច្ច ឬ វិនិយោគស្របច្បាប់, ជារូបវ័ន្ត បុគ្គល និង នីតិបុគ្គល ដែលជាសហគ្រាសមីក្រូ, តូច មធ្យម និងធំ ដោយមិនគិតកម្រៃ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ជាពិសេស ការប្តេជ្ញា និង ឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីពិសេស ដោយរលូន និង លើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តព្រះសីហនុ ឱ្យកាន់តែល្អ និងមានលក្ខណៈអំណោយផល ។
ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕