(ភ្នំពេញ)៖ បណ្ឌិត ម៉ី កល្បាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្តខិតខំប្រឹងប្រែងផលិតសូត្របំពេញតម្រូវការទីផ្សារ ខណៈបច្ចុប្បន្ននេះ តម្រូវការមានច្រើនគួរឱ្យកត់សម្គាល់។
ការអំពាវនាវរបស់ បណ្ឌិត ម៉ី កល្បាណ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «វឌ្ឍនភាពនៃការអភិវឌ្ឍវិស័យសូត្ររបស់កម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះប្រទេសជប៉ុនបានទទួលទិញសូត្រខ្មែរ ដើម្បីយកទៅផលិតជាសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុន ដែលលោករំពឹងថា តម្រូវការសូត្រខ្មែរ នឹងកាន់តែកើនឡើងថែមទៀត ប៉ុន្តែយ៉ាងណាក្តីការផលិត ត្រូវតែច្បាស់ពីគុណភាព និងធ្វើឱ្យទីផ្សារទុកចិត្តលើផលិតផលខ្មែរ។
មជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ នឹងជំរុញពង្រីកការដាំមនបន្ថែមទៀត ខណៈមជ្ឈមណ្ឌលនឹងបន្តបង្រៀន ពីមធ្យោបាយដាំដុះមន ចិញ្ចឹម និងផលិតសូត្រដល់ក្មេងជំនាន់ក្រោយបន្តវេន បើមិនដូច្នេះទេ ប្រសិនអស់ពីចាស់ទៅនឹងបាត់បង់របរនេះ។
ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ លោកក៏បានជជែកជាមួយក្រសួងការងារ ដើម្បីពង្រីកការបណ្តុះបណ្តាល ពីវិស័យសូត្រឱ្យកាន់តែខ្លាំងថែមទៀត ព្រោះតម្រូវការនឹងកើនឡើង នៅពេលដែលទេសចរកើនឡើង ដែលពួកគេត្រូវបានទិញជាវត្ថុអនុស្សាវរីយ៍ជូនក្រុមគ្រួសារ មិត្តភក្តិ។
ជាមួយគ្នាលោកបានលើកឡើងថា ប្រសិនបងប្អូនត្រូវការសូត្រខ្មែរ ដែលមានគុណភាពខ្ពស់អាចទាក់ទងលោកស្រី សុខា លេខទូរស័ព្ទ៖ ០១២ ៤៩២ ០៩៣៕
សូមស្តាប់លើកឡើងបន្ថែម របស់របស់ បណ្ឌិត ម៉ី កល្បាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ៖