(ភ្នំពេញ)៖ វិស័យសូត្រ គឺជាវិស័យមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈសំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការបង្កើតការងារដល់ស្រ្តី ជាពិសេសនៅតំបន់ជនបទ។
តែយ៉ាងនេះក្តីវិស័យនេះ ហាក់មិនទាន់មានភាពរីកចម្រើន តាមអ្វីដែលជាការចង់បាននោះទេ ដែលទាមទារឱ្យមានការរួមគ្នា ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន។
បណ្ឌិត ម៉ី កល្យាណ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សូត្រខ្មែរ មានប្រសាសន៍ថា វិស័យសូត្រជាវិស័យអធិបតេយ្យរបស់ជាតិ ដែលកម្ពុជាចង់ធ្វើពេលណាក៏បាន ដោយសារវាជាមុខរបរបែបប្រពៃណីតាំងពីដើមរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកលើកឡើងថា បើទោះបីជាមុខរបរនេះ ជាមុខរបរតូចតាចក៏ដោយ ប៉ុន្តែក៏បានចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិផងដែរ ជាពិសេសការបង្កើតការងារដល់ស្រី្តមេផ្ទះនៅតាមតំបន់ជនបទមួយចំនួន។
សូត្រមិនត្រឹមតែអាចយកទៅកាត់ជាសម្លៀកបំពាក់នោះទេ តែក៏អាចផលិតទៅជាវត្ថុអនុស្សាវរីយ៍ សម្រាប់លក់ដល់ភ្ញៀវទេសចរ ខណៈសំបុកដង្កូវនាង គេក៏អាចយកវាទៅកែច្នៃបង្កើតទៅជាផលិតផលផ្សេងៗ ដូចជាសាប៊ូជាដើមបានផងដែរ។
ក្នុងនាមជាអ្នកដែលបានធ្វើការងារក្នុងវិស័យនេះអស់រយៈពេលជាង២០ឆ្នាំមកនេះ នាពេលខាងមុខលោកបណ្ឌិត ម៉ី កល្យាណ ចង់ឃើញវិស័យនេះរីកចម្រើនទៅមុខជាងនេះ។
ដើម្បីជំរុញឱ្យវិស័នេះកាន់តែរីកចម្រើន លោកបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលមានធនធាន ជួយទិញសូត្រ ដែលបង្កើតឡើងដោយខ្មែរ «Made in Cambodia 100%» និងកុំប្រើរបស់ក្លែងក្លាយ ដើម្បីជួយវិស័យសូត្រឱ្យកាន់តែរីកចម្រើន និងជួយផ្តល់ការងារដល់ស្រ្តីខ្មែរ ព្រមទាំងជួយដល់សេដ្ឋកិច្ច និងលើកមុខមាត់ប្រទេសជាតិ។
ជាមួយគ្នាលោកបានលើកឡើងថា ប្រសិនបងប្អូនត្រូវការសូត្រខ្មែរ ដែលមានគុណភាពខ្ពស់អាចទាក់ទងលោកស្រី សុខា លេខទូរស័ព្ទ៖ ០១២ ៤៩២ ០៩៣៕
ដោយទទួលស្គាល់ពីសារៈសំខាន់មិនអាចខ្វះបាន ពីវិស័យសូត្រខ្មែរ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងរក្សាមរតកវប្បធម៌របស់កម្ពុជា ក៏ដូចជាសារៈសំខាន់ក្នុងការទាក់ទាញទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចចិត្តកសាងយុទ្ធសាស្ត្រវិស័យសូត្រថ្នាក់ជាតិឆ្នាំ២០១៦-២០២០ ដើម្បីជាមគ្គុទេ្ទសសម្រាប់អភិវឌ្ឍនាជំហានបន្ទាប់។
យុទ្ធសាស្ត្រវិស័យសូត្រនេះ មានគោលបំណងធ្វើឱ្យរស់ឡើងវិញ នូវវិស័យកោសិយ្យវប្បកម្ម (ការចិញ្ចឹមដង្កូវនាង) នៅកម្ពុជា ធ្វើទំនើបកម្មវិស័យសូត្រខ្មែរ ជំរុញលើកកម្ពស់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងជំរុញការវិនិយោគលើវិស័យនេះ ក្នុងទ្រង់ទ្រាយធំនាពេលអនាគត។
រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រ និងអភិវឌ្ឍន៍វិស័យនេះ ស្របតាម ទស្សនាទាន និងចក្ខុវិស័យវែងឆ្ងាយ ដូចមានចែងនៅក្នុងឯកសារយុទ្ធសាស្ត្រវិស័យសូត្រថ្នាក់ជាតិនេះថា ការស្តាឡើងវិញនូវវិស័យកោសិយ្យវប្បកម្ម និងធ្វើទំនើបកម្មសូត្រខ្មែរ តាមរយៈការផលិតសូត្រឱ្យមានគុណភាពខ្ពស់ ដើម្បីរក្សាស្ថិភាពប្រាក់ចំណូលអ្នក ដែលមានការពាក់ព័ន្ធនឹងផលិតផលសូត្រ៕