(ម៉ានីល)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅថ្ងៃសៅរ៍ថា ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់ខ្លួនបានអនុម័តប្រាក់កម្ចីចំនួន ១,២៥ពាន់លានដុល្លារសម្រាប់វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់ប្រទេសហ្វីលីពីន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយធនាគារពិភពលោកថា ធនាគារអភិវឌ្ឍន៍មួយនេះនឹងផ្តល់ប្រាក់កម្ចីចំនួន ៥០០លានដុល្លារសម្រាប់គម្រោងមួយនៅប្រទេសហ្វីលីពីនដើម្បីជួសជុលសាលារៀនដែលរងគ្រោះដោយគ្រោះមហន្តរាយនៅតាមខេត្តនានា និងបង្កើនសមត្ថភាពរបស់សាលារៀនទាំងនោះឱ្យមានលទ្ធភាពប្រតិបត្តិការបើទោះបីជាបន្ទាប់ពីមានគ្រោះមហន្តរាយធម្មជាតិក៏ដោយ។
ធនាគារពិភពលោកក៏បានអនុម័តប្រាក់កម្ចីចំនួន ៧៥០លានដុល្លារផងដែរ ដើម្បីគាំទ្រដល់កំណែទម្រង់ដែលនឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈ និងលើកកម្ពស់ថាមពលកកើតឡើងវិញ៕