(ហាណូយ)៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញកាលពីថ្ងៃសៅរ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើងក្នុងត្រីមាសទីពីរដោយសារការនាំចេញដ៏រឹងមាំ ប៉ុន្តែការកើនឡើងអតិផរណានៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅរបស់រដ្ឋាភិបាលវៀតណាម (GSO) ថា ផលិតផលក្នុងស្រុកសរុបត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ ៦,៩៣ភាគរយនៅក្នុងត្រីមាសទីពីរ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺខ្ពស់ជាងកំណើន ៥,៨៧ភាគរយនៅក្នុងត្រីមាសទីមួយ។
ការិយាល័យ GSO បានបន្ថែមថា សេដ្ឋកិច្ចបានកើនឡើង ៦,៤២ភាគរយនៅក្នុងឆមាសទីមួយឆ្នាំនេះ។
វៀតណាមដែលជាប្រទេសនាំចេញស្មាតហ្វូន គ្រឿងអេឡិចត្រូនិច និងសម្លៀកបំពាក់ដ៏សំខាន់មួយ កំពុងព្យាយាមពង្រឹងសកម្មភាពអាជីវកម្ម បន្ទាប់ពីមិនអាចសម្រេចបានតាមទិសដៅកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុន ដោយសារតម្រូវការសកលខ្សោយ និងកង្វះថាមពល។
ការិយាល័យ GSO បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមបន្តនិន្នាការវិជ្ជមានដោយត្រីមាសនីមួយៗមានភាពល្អប្រសើរជាងឆ្នាំមុន»។
ការនាំចេញរបស់វៀតណាមក្នុងឆមាសទីមួយក្នុងឆ្នាំនេះបានកើនឡើង ១៤,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១៩០ពាន់លានដុល្លារ ខណៈដែលផលិតកម្មឧស្សាហកម្មបានកើនឡើង ១០,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការិយាល័យ GSO។
សម្ពាធអតិផរណាវៀតណាមកំពុងកើនឡើង ដោយតម្លៃទំនិញប្រើប្រាស់ក្នុងខែមិថុនាកើនឡើង ៤,៣២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺកើនឡើងជិតដល់កម្រិតខ្ពស់បំផុតនៃទិសដៅអតិផរណារបស់រដ្ឋាភិបាលដែលមាន ៤,៥ភាគរយសម្រាប់ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕