(ហ្សាការតា)៖ ឥណ្ឌូណេស៊ីដែលជាប្រទេសផលិត និងនាំចេញផ្លែទុរេនធំជាងគេមួយ ក្នុងពិភពលោក គ្រោងនឹងពង្រីកផលិតកម្មផ្លែទុរេន សំដៅជំរុញការនាំចេញទុរេនទៅកាន់ប្រទេសចិន ក្នុងតម្លៃរហូតដល់ ៨ពាន់លានដុល្លារ។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ថា លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបាននិយាយថា សក្តានុពលនៃការនាំចេញទុរេន ទៅកាន់ប្រទេសចិនអាចកើនឡើងដល់ ៨ពាន់លានដុល្លារ។

ដោយកត់សម្គាល់អំពីវិធានការមួយចំនួន ដែលបានធ្វើឡើង ដើម្បីសម្រេចបានទិសដៅនាំចេញ លោក Luhut បានថ្លែងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានធ្វើការងារជាមួយវិទ្យាស្ថានសេនេទិចក្រុងប៉េកាំង ដើម្បីធ្វើការសិក្សាសំដៅធានាបានទុរេនគុណភាពខ្ពស់សម្រាប់ការនាំចេញ។

លោកបានបន្ថែមថា មានការរៀបចំចម្ការទុរេនប្រហែល ១០០ហិចតានៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង និងខេត្តប៉ាពួខាងលិច ហើយគ្រោងនឹងរៀបចំបន្ថែមទៀតនៅក្នុងខេត្តផ្សេងទៀត រួមទាំងនៅខេត្តស៊ូឡាវ៉េស៊ីកណ្តាលផងដែរ។ មន្ត្រីរូបនេះបានបន្ថែមថា ទីតាំងទាំងនោះអាចដាំដើមទុរេនដែលអាចផលិតផ្លែទុរេន បានតាមតម្រូវការទីផ្សារប្រទេសចិន។

យោងតាមកាសែត VN Express កាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ី បានផលិតទុរេនបានរហូតដល់ ១,៨៥ លានតោន ដែលជាង ៥០ភាគរយមកពីកោះជ្វា។ ខេត្តជ្វាខាងកើតត្រូវបានរាយការណ៍ថា ជាតំបន់ផលិតទុរេនធំជាងគេនៅក្នុងប្រទេសដោយទិន្នផលលើសពី ៤៨០ ០០០តោនក្នុងឆ្នាំ២០២៣ នេះបើយោងតាមស្ថិតិប្រទេសឥណ្ឌូណេស៊ី៕