(ក្រុងបុមបៃ)៖ ធនាគារ Bank of International Settlements (BIS) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលនៃប្រទេសឥណ្ឌា និងធនាគារនៃប្រទេសចំនួន៤ នៅតំបន់អាស៊ីអាគ្នេយ៍គឺថៃ ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន កំពុងធ្វើការរួមគ្នាដើម្បីចាប់ផ្តើមដំណើរការវេទិកាទូទាត់ប្រាក់លក់រាយឆ្លងព្រំដែនភ្លាមៗនៅឆ្នាំ២០២៦។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារ BIS ដែលត្រូវបានគេហៅថាជាធនាគារកណ្តាលរបស់ធនាគារកណ្តាលបានឱ្យដឹងថា ខ្លួនមានគោលបំណងភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលភ្លាមៗរបស់ប្រទេសនីមួយៗ ដូចជាប្រព័ន្ធទូទាត់ United Payment Interface (UPI) របស់ប្រទេសឥណ្ឌា និង PayNow របស់សិង្ហបុរីជាដើម ដែលជាផ្នែកមួយនៃគម្រោង Nexus ដែលជាគំនិតផ្តួចផ្តើមរបស់ខ្លួនដើម្បីបង្កើនការទូទាត់ឆ្លងប្រទេស។
ធនាគារ BIS បានឱ្យដឹងទៀតថា ប្រទេសឥណ្ឌានិងប្រទេសចំនួនបួនផ្សេងទៀតនឹងក្លាយជាសមាជិកស្ថាបនិកនៃវេទិកានេះ ខណៈដែលឥណ្ឌូណេស៊ីនឹងធ្វើជាអ្នកសង្កេតការណ៍ពិសេស។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក Agustín Carstens អ្នកគ្រប់គ្រងទូទៅនៃធនាការ BIS ខណៈបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ទោះបីជាមានការតភ្ជាប់តែប៉ុន្មានប្រទេសក៏ដោយ ក៏វេទិកា Nexus មានសក្តានុពលក្នុងការតភ្ជាប់ទីផ្សារដែលមានប្រជាជន ១,៧ពាន់លាននាក់នៅទូទាំងពិភពលោក ដែលអនុញ្ញាតឱ្យពួកគេធ្វើការបង់ប្រាក់ភ្លាមៗទៅគ្នាទៅវិញទៅមកយ៉ាងងាយស្រួល និងចំណាយទាប»៕