(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
សេចក្តីជូនដំណឹង បានឲ្យដឹងថា តាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ និងតាមការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ សូមជម្រាបជូនដូចខាងក្រោម៖
១៖ លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៤៧ អ. ស. ហ. បក ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដោយឡែក ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ដែលគ្មានអាជ្ញាបណ្ណ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។
២៖ ការលើកលែងការផាកពិន័យនេះ មានសុពលភាពរយៈពេល ០១ (មួយ) ឆ្នាំ ចាប់ផ្តើមអនុវត្តពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ និងអាចបន្តទៀតតាមការសម្រេចរបស់រាជរដ្ឋាភិបាល៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖