(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាត និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងកម្ពុជា បានទទួលធ្វើជាសហប្រធានគណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) ជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) សម្រាប់អាណត្តិរយៈពេល ២ ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៦។
ជាក់ស្ដែងនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. អមដោយលោកបណ្ឌិត វិន ភក្តី អគ្គនាយករងនៃ ន.ម.ក. បានដឹកនាំលេខាធិការដ្ឋាន WC-CMD នៃ ន.ម.ក. ចូលរួមកិច្ចប្រជុំផ្ទេរតំណែងសហប្រធាន WC-CMD តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីផ្ទេរការងារដែលនៅសេសសល់ ក៏ដូចជាផ្តល់នូវវឌ្ឍនភាពការងារ និងចែករំលែកបទពិសោធន៍ នៃការរៀបចំកិច្ចប្រជុំ WC-CMD ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រុយណេ (MOFE Brunei) និងគណៈកម្មការមូលបត្រហ្វីលីពីន (PSEC), សហប្រធាន WC-CMD ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤, វិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាពអាស៊ី (SFIA), ប្រធានក្រុមការងារ ក្រោមក្របខណ្ឌ WC-CMD ដែលមាន MAS ដែលជាប្រធានក្រុមការងារហិញ្ញវត្ថុនិរន្តរភាព, គណៈកម្មការមូលបត្រម៉ាឡេស៊ី ដែលជាប្រធានក្រុមការងារហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និងលេខាធិការដ្ឋានអាស៊ាន (ASEC)។
WC-CMD ត្រូវបានបង្កើតឡើង ដោយកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០០៣ ក្នុងគោលបំណង ដើម្បីកសាងសមត្ថភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការអភិវឌ្ឍទីផ្សារមូលធនអាស៊ាន ជាមួយនឹងគោលដៅរយៈពេលវែង ក្នុងការសម្រេចបាននូវកិច្ចសហប្រតិបត្តិការឆ្លងដែន នៃទីផ្សារមូលបត្រនៅក្នុងអាស៊ាន។
WC-CMD មានតួនាទីក្នុងការរាយការណ៍វឌ្ឍនភាពការងារ នៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្ដាលអាស៊ាន (AFCDM) តាមរយៈកិច្ចប្រជុំក្រុមការងារ AFCDM (AFCDM-WG) និងរាយការណ៍ទៅកាន់គណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) ស្ដីពីកិច្ចប្រជុំសមាហរណកម្មហិរញ្ញវត្ថុ និងគណៈ-កម្មាធិការដឹកនាំសម្រាប់កិច្ចប្រជុំពង្រឹងសមត្ថភាព (SCCB)។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោកប្រតិភូ បានថ្លែងថា «យើងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋជាសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលបំណងរួម។ រួមគ្នា យើងអាចបង្កើតទីផ្សារមូលបត្រ ដែលមានភាពបត់បែន បរិយាបន្ន ភាពធន់ និងនិរន្តរភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកប ដោយនិរន្តភាពនៅទូទាំងអាស៊ាន»។
កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយស្មារតីទទួលខុសត្រូវ និងសហការខ្ពស់ ព្រមទាំងការបេ្តជ្ញាយ៉ាងមោះមុតរបស់ ន.ម.ក. និង MAS ក្នុងនាមសហប្រធាន WC-CMD ដែលនឹងផ្តោតទៅលើការងារអាទិភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលដៅឆ្ពោះទៅរកការអភិវឌ្ឍទីផ្សារមូលបត្រ ប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ាន៕