(ទីក្រុងបង់ហ្កាលូរុ)៖ តម្លៃប្រេងឆៅបានកើនឡើងជិត ១ភាគរយក្នុងការជួញដូរនៅថ្ងៃអង្គារដែលបានធ្វើឱ្យមានកំណើនដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរខែដោយសារការរំពឹងថានឹងមានការកើនឡើងតម្រូវការក្នុងរដូវសម្រាកលំហែរកាយនៅរដូវក្តៅ និងដោយសារការរំខានដល់ការផ្គត់ផ្គង់ដែលអាចបបណ្តាលមកពីព្យុះ Beryl។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅក្នុងកិច្ចសន្យាអនាគតសម្រាប់ប្រេងប្រភេទ Brent បានកើនឡើង ៧៥សេន ឬ ០,៨៧ភាគរយដល់ ៨៧,៣៥ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៨យប់ម៉ោងនៅកម្ពុជា ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៣០ ខែមេសា។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង ៨៤សេន ឬ ១,០១ភាគរយនៅតម្លៃ ៨៤,២២ដុល្លារបន្ទាប់ពីបានឡើងថ្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី២៦ ខែមេសា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្រូវការប្រេងសាំងនៅសហរដ្ឋអាមេរិកត្រូវបានរំពឹងថានឹងកើនឡើងនៅពេលដែលរដូវធ្វើដំណើរនារដូវក្តៅមកដល់ និងនៅថ្ងៃបុណ្យឯករាជ្យក្នុងសប្តាហ៍នេះ។ សមាគមរថយន្តអាមេរិកបានព្យាករថា ការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនឹងកើនឡើង ៥,២ភាគរយខ្ពស់ជាងនៅឆ្នាំ២០២៣ ដោយការធ្វើដំណើរតាមរថយន្តកើនឡើង ៤,៨ភាគរយ។
ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងសញ្ញានៃការធ្លាក់ចុះអតិផរណានៅសហរដ្ឋអាមេរិកក៏ជំរុញឱ្យប្រេងឆៅឡើងថ្លៃផងដែរ។ ទីផ្សារក៏កំពុងសម្លឹងមើលការរំខានដែលអាចកើតមានដល់ការចម្រាញ់ប្រេង និងផលិតកម្មនៅឯនាយសមុទ្ររបស់សហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីព្យុះសង្ឃរា Beryl បានបោកបក់កាន់តែខ្លាំងនៅថ្ងៃចន្ទ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕