(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការដែលរាជរដ្ឋាភិបាល ឬស្ថាប័នមួយចំនួនព្យាករណ៍ និងវាយតម្លៃថា កំណើនសេដ្ឋកិច្ចកើនឡើងក្នុងកម្រិតណាមួយ គឺដោយសារតែសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា មានភាពល្អប្រសើរជាងមុន ដែលធ្វើឱ្យការព្យាករណ៍ទទួលបានកំណើនវិជ្ជមាន។
លោក ផាន ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងបែបនេះ គឺឆ្លើយនឹងសំណួរ ដែលលើកឡើងថា ហេតុអ្វីការព្យាករណ៍សេដ្ឋកិច្ច មិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ពោលគឺ បើយោងតាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៤នេះ ដែលធ្វើឡើងដោយស្ថាប័នផ្សេងៗដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាដើម បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥.៨% ក្នុងឆ្នាំ ២០២៤ និង ៦.០% ក្នុងឆ្នាំ ២០២៥ តែយ៉ាងណានេះ ប្រជាពលរដ្ឋនៅតែត្អូញត្អែរទាក់ទងជីវភាពរស់នៅប្រចាំថ្ងៃ និងការថយចុះនៃចំណូល បន្ទាប់ពីកម្ពុជា និងពិភពលោក ជួបវិបត្តិសេដ្ឋកិច្ច ដោយសាររាលដាលនៃជំងឺកូវីត១៩ និងសង្រ្គាមដែលបង្កឡើងដោយប្រទេសមួយចំនួន។
លោកលើកឡើងថា ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពជាក់ស្តែង គឺមានភាពខុសគ្នាតិចតួចប៉ុណ្ណោះ។
លោក ផាន់ ផល្លា បានពន្យល់ថាការដែលរាជរដ្ឋាភិបាល ឬស្ថាប័នមួយចំនួនព្យាករណ៍ និងវាយតម្លៃថា កំណើនសេដ្ឋកិច្ចកើនឡើងក្នុងកម្រិតណាមួយ គឺដោយសារតែសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា មានភាពល្អប្រសើរជាងមុន ដែលធ្វើឱ្យការព្យាករណ៍ទទួលបានកំណើនវិជ្ជមាន។ ការព្យាករណ៍នេះ បានបង្ហាញថា វិស័យមួយចំនួន មានសកម្មភាពនៃការផលិតមានការកើនឡើង និងបង្កើតការងារបានច្រើនជាងមុន។ បើការព្យាករណ៍មិនបង្ហាញនូវកំណើនទេ បានន័យប្រជាពលរដ្ឋថ្មី គ្មានការងារធ្វើ គ្មានសកម្មភាពសេដ្ឋកិច្ច និងគ្មានការវិនិយោគ៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ផាន់ ផល្លា៖