(ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានលើកឡើង របរដាំស្រូវ គឺនៅតែជាមុខរបរស្នួលរបស់កសិករខ្នាតតូចនៅកម្ពុជា និងជាមុខរបរមួយដែលធ្វើឱ្យកសិករ មានលទ្ធភាពទទួលបានប្រាក់ចំណេញបើធៀបនឹងមុខរបរផ្សេងទៀត ខណៈមុខរបរនេះក៏ត្រូវការទុនទាបជាងរបរផ្សេងទៀតផងដែរ។
លោក សុង សារ៉ន លើកឡើងបែបនេះ ធ្វើឡើង កម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាពនៃការកែច្នៃអង្ករកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។
លោកមានប្រសាសន៍ទៀតថា «រយៈពេល៥ឆ្នាំទៀត ស្រូវក៏នូវតែជាអទិភាពសម្រាប់ បងប្អូនកសិករ ដោយសារតែយើងឃើញបរិបទ ប្រទេសជិតខាងយើង ជាពិសេសប្រទេសថៃ ត្បិតថា គាត់ជាប្រទេសមានចំណូលមធ្យម ប៉ុន្តែគាត់នៅតែដាំស្រូវ ហើយវៀតណាមក៏ជាប្រទេសដាំស្រូវដែរ ហើយកាន់តែបង្កើនការផលិតស្រូវ ដូច្នេះយើងមិនអាចបោះបង់បានទេ ប៉ុន្តែត្រូវបញ្រ្ជាបបច្ចេកវិទ្យាឱ្យមានទំនើបកម្ម និងការប្រកួតប្រជែងនៅលើទីផ្សារសម្រាប់ខ្លួនឯងឱ្យកាន់តែល្អប្រសើរទៅៗ»។
ដោយឡែកចំពោះការវិនិយោគលើការនាំចេញអង្ករវិញ លោកបានកត់សម្គាល់ថា បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ មិនទាន់ក្រុមហ៊ុនថ្មីឈានជើងមកទេ យ៉ាងណាមិញ ថ្មីៗនេះ ក្រុមហ៊ុនរបស់ប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌូនេស៊ី បានបង្ហាញបំណងមកវិនិយោគលើវិស័យស្រូវអង្ករនេះ ដើម្បីនាំចេញ ដែលបង្ហាញថា ទីផ្សារអង្ករកម្ពុជានឹងកាន់តែល្អប្រសើរជាងមុន។
«ខ្ញុំមើលទៅទៅអនាគត នឹងមានការវិនិយោគបន្ថែម មិនថាការវិនិយោគជាការបោះទុន ក្នុងការបង្កើនសមត្ថភាពកិនកែច្នៃ ឬក៏វិនិយោគដើម្បីទិញស្រូវស្តុកទុក ព្រោះការទិញស្រូវស្តុកទុកក៏អាចឱ្យគាត់មានលទ្ធភាពទទួលបានប្រាក់ចំណេញ និងសុវត្ថិភាពស្បៀងអាហាររបស់គាត់»។ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice លើកឡើងបន្ថែម៕
សូមស្តាប់ការពន្យល់បន្ថែម របស់ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice លោក សុង សារ៉ន៖