(ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានឱ្យដឹងថា សហគមន៍អឺរ៉ុប និងចិន គឺជាទីផ្សារសំខាន់ របស់កម្ពុជាក្នុងការនាំចេញអង្ករ ដែលអាចធ្វើឱ្យទទួលបានប្រាក់ចំណេញខ្ពស់ និងអាចឱ្យកម្ពុជា មានឱកាសក្នុងការបង្ហាញម៉ាកសញ្ញាអង្ករកម្ពុជានៅក្នុងទីផ្សារអន្តរជាតិ ដែលធ្វើឱ្យអន្តរជាតិកាន់តែស្គាល់កម្ពុជា។
លោក សុង សារ៉ន លើកឡើងបែបនេះ ធ្វើឡើង កម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាពនៃការកែច្នៃអង្ករកម្ពុជា» របស់បណ្តាញព័ត៌មាន Fresh News។
លោកបានឱ្យដឹងថា ដំបូងឡើយទីផ្សារទី១ ដែលកម្ពុជាចង់ជំរុញការនាំចេញឱ្យបានលឿនជាងគេ គឺអាស៊ាន ដែលអាចងាយស្រួលដល់ការទំនាក់ទំនងរកស៊ី និងដឹកជញ្ជូន ហើយទីផ្សារបន្ទាប់ គឺអាស៊ី មានដូចឥណ្ឌូប៉ាស៊ីហ្វីក ហុងកុង ចិន និងទីផ្សារទី៣ គឺសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្តាលី និងប្រទេសហ្វ្រិកជាដើម។
ប៉ុន្តែយ៉ាងនេះក្តី សម្រាប់ស្ថានភាពទីផ្សារនាំចេញអង្កររបស់កម្ពុជា ដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណេញល្អប្រសើរ គឺសហគមន៍អឺរ៉ុប ដែលជាប្រទេសមួយបង្កលទ្ធភាពឱ្យយើងលក់នូវអង្ករក្រអូបបានធំទូលាយជាង មានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាង។ទីផ្សារមួយទៀត គឺប្រទេសចិន គឺជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចងើប ដែលធ្វើឱ្យតម្រូវការមានខ្ពស់។
លោកលើកឡើងថា ដើម្បីឱ្យវិស័យស្រូវអង្ករ និងសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន លុះត្រាតែកម្ពុជាលក់ផលិតផលសម្រេច ដើម្បីឱ្យគេស្គាល់កម្ពុជា ព្រោះការលក់អង្ករដែលមិនមានផ្លាកយីហោ អ្នកប្រើប្រាស់នឹងមិនស្គាល់ពីប្រភពនៃដើមនៃអង្ករនោះទេ។ ទីផ្សារដែលអាចឱ្យកម្ពុជា បញ្ជ្រាបម៉ាកយីហោរបស់ខ្លូនបានគឺទីផ្សារអឺរ៉ុប ចិន និងសហរដ្ឋអាមេរិក។
លោកពន្យល់បន្តថា «ពីរ បីឆ្នាំទៅមុខទៀត យើងត្រូវជំរុញល្បឿននៃការខ្ចប់អង្ករទៅដល់ទីផ្សារ ដែលមានឈ្មោះកម្ពុជា (ប្រ៊េនអង្ករកម្ពុជា) ឱ្យបានច្រើន ។ នៅពេលយើងផុត EBA ឬជាប្រទេសដែលត្រូវជាប់ពន្ធដូចគេដូចឯងនោះ គេនឹងស្គាល់យើង ។ អីចឹងជាអ្វីដែលយើងចង់ឱ្យបានក្នុងរយៈពេល៣ឆ្នាំនេះ ប្រទេសដែលអាចឱ្យយើងធ្វើអាហ្នឹងបានគឺសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន ហើយអាស៊ានអាចផ្លាស់ប្តូរ ដោយសារអាស៊ានជាប្រទេសដែលហូបអង្ករស គឺជាប្រភេទអង្ករដែលមានគុណភាពទាប ហើយជាទូទៅវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ថៃ គាត់ខ្លាំងក្នុងផលិតអង្ករស។ ហេតុនេះហើយកម្ពុជាយើង យើងសម្រុកទៅប្រទេសសហគមន៍អឺរ៉ុប ឬក៏ប្រទេសអ្នកមានមួយចំនួនដែលមានលទ្ធភាពចំណាយទៅលើអង្ករក្រអូបរបស់យើង»។
ជាមួយគ្នា សហរដ្ឋអាមេរិក ក៏ជាទីផ្សារគោលធំមួយដែលកម្ពុជា នឹងចាប់យកផងដែរ ខណៈបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមទទួលស្គាល់អង្ករកម្ពុជាហើយ ដោយសារមានការធ្វើការងាររួមគ្នារវាងរដ្ឋ និងឯកជន៕
លោកស្តាប់ការលើកឡើងបន្ថែមរបស់ លោក សុង សារ៉ន៖