(ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្គរ Amru Rice បានថ្លែងឲ្យដឹងថា កម្ពុជាពិតជាមានបញ្ហាប្រឈមមួយចំនួន ក្នុងការកែច្នៃអង្ករ ដែលចាំបាច់ត្រូវតែមានការដោះស្រាយ ដើម្បីឲ្យការកែច្នៃ និងការនាំចេញមានភាពល្អប្រសើរឡើង ក្នុងនោះបញ្ហានៃការពន្លឿនការដឹកជញ្ជូនពិតជាចាំបាច់ និងដោះស្រាយ។
ការលើកឡើងរបស់លោក សុង សារ៉ន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាពនៃ ការកែច្នៃអង្ករកម្ពុជា»។
លោក សុង សារ៉ន បានថ្លែងថា ជាការពិត ពិតជាមានបញ្ហានៃ ក្នុងការកែច្នៃអង្ករដែលចាំបាច់ ត្រូវតែដោះស្រាយ ដូចជាត្រូវធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនមានរយៈពេលខ្លីជាងមុន ជាក់ស្ដែងការដឹកជញ្ជូនពីខេត្តបាត់ដំបងមកកាន់កំពង់ផែព្រះសីហនុ ត្រូវប្រើពេលប្រមាណ១៦ម៉ោង ប៉ុន្ដែអ្វីដែលយើងចង់បាននោះគឺត្រឹមតែ៦ម៉ោង ដែលការពន្លឿនរយៈពេលនេះ បានកាត់បន្ថយការចំណាយច្រើន។
លោកបានបន្ដថា កត្តាមួយទៀតនោះ គឺកាត់បន្ថយការឆ្លងកាត់ច្រើនដំណាក់កាល មានន័យថា កាត់បន្ថយការផ្លាស់ប្ដូរពីកន្លែងទៅកន្លែងមួយទៀត ដែលជាហេតុនាំឲ្យមានការចំណាយច្រើន ដូច្នេះហើយបានជាគម្រោងព្រែកជីកហ្វូណនដំណើរការ នឹងធ្វើឲ្យកម្ពុជាមានឯករាជ្យភាពមួយ ដូច្នេះនៅថ្ងៃអនាគតកម្ពុជាអាចនឹងមានប្រៀបច្រើនទៅលើការដឹកជញ្ជូន៕