(ភ្នំពេញ)៖ អ្នកនាំចេញអង្ករដ៏ល្បីឈ្មោះនៅកម្ពុជា លោក សុង សារ៉ន បានបង្ហាញពីគោលបំណងចង់ឱ្យមានការកែច្នៃអង្ករ ឲ្យទៅជាផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ ស្របពេលបច្ចុប្បន្នអង្ករ បាន និងកំពុងកែច្នៃទៅជាផលិតផលមួយចំនួន។
ក្នុងកម្មវិធី FRESH BUSINESS នៃកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាពនៃការកែច្នៃអង្ករកម្ពុជា» លោក សុង សារ៉ន បានឲ្យដឹងថា «បច្ចុប្បន្ននេះ កម្ពុជាបានច្នៃអង្ករឲ្យក្លាយជាប្រេងកន្ទក់, ម្សៅអង្ករ និងមានក្នុងកម្រិតតិចតូច ដូច្នេះ នៅថ្ងៃអនាគតយើងនឹងធ្វើជាអង្ករឆ្អិន និងធ្វើជាទឹកសេរ៉ូ និងសំខាន់បំផុត គឺបង្កើតជាខូស្មិចទិក (Cosmetic) ដែលផលិតអំពីអង្ករ ខូស្មិចទិកនេះ ជាផលិតផលដែលយើង នឹងត្រូវធ្វើនាពេលខាងមុខ ដើម្បីឲ្យកម្ពុជាមានការប្រកួតប្រជែងខ្ពស់»។
លោកបានបន្ដថា ក្នុងនោះកាកសំណល ដែលសេសសល់ពីអង្ករ ដូចជាអង្កាម មានតម្លៃចន្លោះពី២០-៣០ដុល្លារ ក្នុងមួយតោន ព្រោះអង្គាមមានការកែច្នៃច្រើន ដោយបានធ្វើជាជីវម៉ាស (ដុតអង្កាមទៅជាថាមពលអគ្គិសនី) ចំណែកចុងអង្ករ ក្រៅពីផលិតជាចំណីសត្វ យើងបានយកមកធ្វើជាគុយទាវ ម្សៅអង្ករ ដែលធ្វើឲ្យមានតម្លៃល្អ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក សុង សារ៉ន៖