(ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤តទៅ ការប្រើសេវាផ្តល់តម្លៃ បឋម សម្រាប់វាយតម្លៃអចលនវត្ថុ របស់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុទាំងអស់ នឹងត្រូវបិទបញ្ចប់ទាំងស្រុង។
ការបិទបញ្ចប់សេវាផ្តល់តម្លៃ បឋម នេះធ្វើឡើងដើម្បីពង្រឹងគុណភាពនៃការវាយតម្លៃអចលនទ្រព្យឱ្យកាន់តែសុក្រឹត និងមានតម្លាភាពជាងពេលមុន ពិសេសលើការផ្តល់ឥណទានរបស់ធនាគារ ព្រមទាំងជួយពង្រឹងការប្រកួតប្រជែងដោយប្រកបដោយសមធម៌ផងដែរ។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា និងក្រុមហ៊ុនវាយតម្លៃអចលនវត្ថុទាំងអស់ កាលពីពេលថ្មីៗកន្លងទៅនេះ។
សេចក្តីជូនដំណឹងរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា «សមាគមមានកិត្តិយស សូមជម្រាបជូនព័ត៌មានដល់ សាធារណជន ក្រុមហ៊ុន គ្រឹះស្ថានជាតិ អន្តរជាតិ និង ស្ថាប័នពាក់ព័ន្ធ ដែលបាននឹងកំពុងផ្តល់ និង ទទួលសេវាកម្មវាយតម្លៃអចលនវត្ថុ មេត្តាជ្រាបថា ការផ្តល់តម្លៃបឋមគ្រប់ទម្រង់ ដែលរួមមាន ការផ្តល់តម្លៃបឋម (Indication of Value) ជាប្រព័ន្ធឌីជីថល Indication App Cross Check App ឬ Valuation App និង Indication System ព្រមទាំងទម្រង់ផ្តល់តម្លៃបឋមផ្សេងៗទៀត មុនការវាយតម្លៃអចលនវត្ថុ នឹងត្រូវបានបិទបញ្ចប់ឈប់អោយប្រើសេវានេះ ចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤តទៅ»។
ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានបង្ហាញនូវការគាំទ្រចំពោះការសម្រេច បិទបញ្ចប់ឈប់ឱ្យប្រើសេវាផ្តល់តម្លៃបឋម នេះ ដើម្បីការពារផលប្រយោជន៍ក្នុងវិស័យហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងការវាយតម្លៃទ្រព្យ មុននឹងធនាគារអនុម័តនូវកម្ចី ជូនអតិថិជនរបស់ខ្លួន។
លោកថា «យើងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចនេះ ដែលចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤តទៅ ការវាយតម្លៃអចលនវត្ថុ ត្រូវអនុវត្តន៍ជារបាយការណ៍នៃការវាយតម្លៃផ្លូវការ ដោយត្រូវបង្ហាញពីភាពទទួលខុសត្រូវច្បាស់លាស់ របស់ក្រុមហ៊ុនផ្តល់សេវាតម្លៃ»។
លោកបន្តថា ការបិទបញ្ចប់នេះ ក៏ពង្រឹងការប្រកួតប្រជែងដោយប្រកបដោយសមធម៌ របស់ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុផងដែរ៕