(ភ្នំពេញ)៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU RICE បានលើកឡើងថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញនិន្នាការកាន់តែប្រសើរឡើង ស្របពេលដែលការផលិតក៏កាន់តែទំនើប ដែលទាមទារឱ្យមានកម្លាំងពលកម្មជំនាញច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាំចេញ។
លោកបានលើកឡើងថា ការផលិតអង្ករសម្រាប់នាំចេញ កាន់តែទំនើបតាមលក្ខណៈបច្ចេកទេស។ ជាក់ស្តែងកន្លងមក ការសម្ងួតស្រូវត្រូវប្រើរយៈពេល ២៤ម៉ោង ប៉ុន្តែបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើប ការសម្ងួតស្រូវប្រើរយៈពេលតែ ១៨ម៉ោងប៉ុណ្ណោះ។
ស្របពេលដែលការវិវត្តិបច្ចេកវិទ្យានៃផលិតអង្ករ សម្រាប់នាំចេញកាន់តែទំនើប គឺតម្រូវឱ្យមានកម្លាំងពលកម្មជំនាញ ដើម្បីប្រតិបត្តិការ ឬបញ្ជាទៅលើម៉ាស៊ីនស្វ័យប្រវត្តិ។
លោកបន្តថា បច្ចុប្បន្ននេះ អ្នកធ្វើការនៅក្នុងរោងម៉ាស៊ីន ដែលមានជំនាញបែបមេកានិក ទទួលបានប្រាក់ខែមិនតិចនោះទេ ហើយការងាររបស់ពួកគេក៏មាននិរន្តភាព។ ដូច្នេះហើយកម្លាំងពលកម្មក្នុងវិស័យនេះ គួរតែរៀនជំនាញបន្ថែម ទាក់ទងនឹងការប្រតិបត្តិការទៅលើម៉ាស៊ីនស្វ័យប្រវត្តិ។
លោកលើកទឹកឱ្យមានការបណ្តុះបណ្តាលបន្ថែម ដល់កម្លាំងពលកម្មកម្ពុជា ឱ្យមានជំនាញបែបមេកានិកឱ្យកាន់ច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការផលិតសម្រាប់នាំចេញអង្ករ៕