(បាងកក)៖ នាយកដ្ឋានចរចាពាណិជ្ជកម្មថៃបានឱ្យដឹងថា ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាជុំទីមួយស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសកូរ៉េខាងត្បូងដែលចាប់ផ្តើមចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃព្រហស្បតិ៍នៅទីក្រុងបាងកក។
អ្នកស្រី Chotima Iemsawasdikul អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៦ ខែមីនា ថានឹងដើរឆ្ពោះទៅមុខជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចកូរ៉េនិងថៃ (KTEPA)។
អ្នកស្រីបាននិយាយថា កាលពីថ្ងៃទី២៨ ខែមីនា ភាគីទាំងពីរបានទទួលស្គាល់លក្ខខណ្ឌសម្អាង (ToR) នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់ការចរចាបន្ថែមទៀត ដោយប្រទេសថៃបានយល់ព្រមធ្វើជាម្ចាស់ផ្ទះជុំទីមួយនៅទីក្រុងបាងកក។
អគ្គនាយកនៃនាយកចរចាពាណិជ្ជកម្មរូបនេះបានបន្ថែមថាថា កិច្ចព្រមព្រៀង KTEPA នឹងចរចាដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរដែលសម្រេចបានកន្លងមកដែលមានការពាក់ព័ន្ធទាំងប្រទេសថៃនិងកូរ៉េខាងត្បូង និងប្រទេសផ្សេងទៀត។ កិច្ចព្រមព្រៀងទាំងពីរនោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។
អ្នកស្រីបានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីថ្មីសង្ឃឹមថានឹងជួយលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសថៃនៅក្នុងការទាក់ទាញក្រុមហ៊ុនធំៗ និងក្រុមហ៊ុនបង្កើតថ្មីពីកូរ៉េខាងត្បូងឱ្យមកបណ្តាក់ទុននៅប្រទេសថៃ»។
កាលពីឆ្នាំមុន កូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១២ របស់ប្រទេសថៃ ដោយប្រទេសទាំងពីរបានកត់ត្រាតម្លៃពាណិជ្ជកម្មសរុបចំនួន ១៤,៧៣ពាន់លានដុល្លារអាមេរិក។ អ្នកស្រី Chotima បានឱ្យដឹងថា ក្នុងរយៈពេលប្រាំខែដំបូងក្នុងឆ្នាំនេះ តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃនិងកូរ៉េខាងត្បូងមានចំនួន ៦,៣ពាន់លានដុល្លារ ធ្លាក់ចុះ ២,៤៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕