(វ៉ាស៊ីនតោន)៖ តម្លៃប្រេងបានធ្លាក់ចុះថ្លៃបន្តិចនៅថ្ងៃចន្ទ បន្ទាប់ពីកើនឡើងរយៈពេល ៤សប្តាហ៍ ដោយសារការព្រួយបារម្ភពីការរំខានដល់ការផ្គត់ផ្គង់បានធូរស្រាលស្របពេលមានក្តីសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែផលប៉ះពាល់ដែលអាចកើតមានពីព្យុះ Beryl លើការផ្គត់ផ្គង់ប្រេងបានទប់មិនឱ្យមានការធ្លាក់ចុះថ្លៃខ្លាំង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាជួញដូរអនាគតបានធ្លាក់ចុះ ៤២សេន ឬ ០,៥ភាគរយមកនៅត្រឹម ៨៦,១២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោង ៧កន្លះយប់ថ្ងៃចន្ទ។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) ត្រូវបានជួញដូរក្នុងតម្លៃ ៨២,៦៤ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៥២សេន ឬ ០,៦៣ភាគរយ។
ការពិភាក្សាអំពីផែនការបទឈប់បាញ់របស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមរយៈពេលប្រាំបួនខែមកនេះនៅតំបន់ហ្គាហ្សាកំពុងដំណើរការ ហើយត្រូវបានសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប។
លោក Tony Sycamore អ្នកវិភាគមកពីក្រុមហ៊ុន IG បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រសិនបើកិច្ចចរចាស្តីពីបទឈប់បាញ់នេះមានលទ្ធផលជាដុំកំភួន កត្តាភូមិសាស្ត្រនយោបាយមួយចំនួននឹងលែងដាក់បន្ទុកលើទីផ្សារប្រេងសម្រាប់ពេលនេះ។
លោក Charalampos Pissouros អ្នកវិភាគវិនិយោគជាន់ខ្ពស់នៅក្រុមហ៊ុនឈ្មួញជើងសា XM បាននិយាយថា៖ «ប្រេងមិនបានទាញយកអត្ថប្រយោជន៍ពីប្រាក់ដុល្លារដែលធ្លាក់ចុះថ្លៃនោះទេ ដែលរូបិយប័ណ្ណនេះស្ថិតក្រោមសម្ពាធលក់ចេញដោយសារការកើនឡើងនៃការរំពឹងទុកថានឹងមានបទឈប់បាញ់នៅមជ្ឈិមបូព៌ា»។
ទន្ទឹមនឹងនេះដែរ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទព្យុះសង្ឃរា Beryl បានបោកបក់មកក្បែរទីក្រុង Matagorda រដ្ឋតិចសាស់ដែលជារដ្ឋផលិតប្រេងនិងឧស្ម័នធម្មជាតិច្រើនជាងតំបន់ផ្សេងៗនៅសហរដ្ឋអាមេរិក។ កំពង់ផែ Corpus Christi, Houston, Galveston, Freeport និង Texas City បានបិទកាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមខ្លួនទប់ទល់នឹងព្យុះសង្ឃរានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕