(កូឡុំបូ)៖ សភារបស់ប្រទេសស្រីលង្កានៅថ្ងៃអង្គារសប្តាហ៍នេះបានអនុម័តវិសោធនកម្មច្បាប់ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ខ្លួនដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk បង្កើតប្រតិបត្តិការនៅក្នុងប្រទេសដីកោះអាស៊ីខាងត្បូងមួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយការិយាល័យសភារបស់ស្រីលង្កាថា សភាស្រីលង្កាបានអនុម័តច្បាប់ទូរគមនាគមន៍ថ្មីដែលបានធ្វើវិសោធនកម្មច្បាប់ដែលមានស្រាប់ជាលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ។
រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាលោក Kanaka Herath ត្រូវបានដកស្រង់សម្ដីដោយរ៉យទ័រខណៈថ្លែងទៅគាន់សភាថា វិសោធនកម្មនេះនឹងដាក់ចេញប្រភេទអាជ្ញាប័ណ្ណថ្មីចំនួនបី និងអនុញ្ញាតឱ្យក្រុមហ៊ុន Starlink ចូលក្នុងទីផ្សារទូរគមនាគមន៍របស់ប្រទេសស្រីលង្កាក្នុងនាមជាអ្នកផ្តល់សេវាដែលមានអាជ្ញាប័ណ្ណ ដោយរង់ចាំការអនុម៍តពីនិយតករទូរគមនាគមន៍។
ច្បាប់ដើមដែលមិនទាន់ធ្វើវិសោធនកម្មមិនមានបទប្បញ្ញត្តិណាមួយដែលអនុញ្ញាតឱ្យអ្នកផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបធ្វើប្រតិបត្តិការនៅក្នុងប្រទេសទេ។
លោក Herath បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារក្នុងអំឡុងពេលធ្វើបទបង្ហាញអំពីច្បាប់នេះថា៖ «ឱកាសនេះមិនមែនសម្រាប់តែក្រុមហ៊ុន Starlink ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ក្រុមហ៊ុនផ្សេងទៀតដែលចង់វិនិយោគនៅក្នុងប្រទេសស្រីលង្កា»។ លោកបានបន្ថែមថា៖ «ផែនការរបស់យើងគឺដើម្បីពង្រីកវិស័យ IT ឱ្យដល់ទំហំ ១៥ពាន់លានដុល្លារនៅឆ្នាំ២០៣០។ ដូច្នេះវាសំខាន់ណាស់ដែលយើងទាក់ទាញក្រុមហ៊ុនអន្តរជាតិឱ្យផ្តល់អ៊ីនធឺណិត ជាពិសេសទៅកាន់តំបន់ជនបទ»៕