(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ជាទូទៅ សហគ្រាសអាចត្រូវបានចុះធ្វើសវនកម្មដល់ទីកន្លែងតែម្តង ក្នុងរង្វង់៣ឆ្នាំ ដើម្បីផ្តល់សេវាពិនិត្យ ផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ នៃការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធ ប៉ុន្តែរដ្ឋបាលសារពើពន្ធអាចចុះធ្វើសវនកម្មក្នុងពេលណាមួយ ក៏បានក្នុងករណីរកឃើញថា សហគ្រាសស្ថិតក្នុងចំណាត់ថ្នាក់ ជាសហគ្រាសដែលមានហានិភ័យខ្ពស់ ឬមានភាពមិនប្រក្រតី ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ។
លោកបន្តទៀតថា ដើម្បីជួយគាំទ្រដល់អ្នកជាប់ពន្ធ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ អគ្គនាយកដ្ឋានពន្ធដារ បានយកចិត្តទុកដាក់ក្នុងការបន្តធ្វើឲ្យប្រសើរឡើង ជាបន្តបន្ទាប់នូវការផ្ដល់សេវាអ្នកជាប់ពន្ធ ក្នុងគោលដៅលើកកម្ពស់វប្បធម៌បង់ពន្ធ និងពង្រឹងអនុលោមភាពសារពើពន្ធ ដែលនឹងធានាបាននូវចីរភាពចំណូល សម្រាប់ជាប្រយោជន៍នៃថវិកាជាតិ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល។
លោក គង់ វិបុល បានលើកឡើងបែបនេះ តាមរយៈព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។
យោងតាម «សៀវភៅណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ» ក្នុងការវិភាគ ឬភាពមិនប្រក្រតីរបស់អ្នកជាប់ពន្ធ រដ្ឋបាលសារពើពន្ធអាចធ្វើការពិនិត្យ និងវិភាគតាមរយៈវិធីសាស្ត្រចំនួន ៣ ដូចខាងក្រោម៖
១៖ ការវិភាគទូទៅ គឺជាការពិនិត្យបឋមទៅលើស្ថានភាពរួមរបស់សហគ្រាស ក្នុងនោះមានស្ថានភាពនៃការដាក់លិខិតប្រកាសសារពើពន្ធ សកម្មភាពសេដ្ឋកិច្ចឬសកម្មភាពអាជីវកម្ម ការប្រើប្រាស់ប្រព័ន្ធគណនេយ្យ ឬព័ត៌មានផ្សេងទៀត ដែលរដ្ឋបាលសារពើពន្ធមាន។
២៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងលិខិតប្រកាសសារពើពន្ធ គឺជាការវិភាគដោយប្រើប្រាស់ព័ត៌មាន ឬទិន្នន័យចេញពីរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកជាប់ពន្ធ និងលិខិតប្រកាសសារពើពន្ធ ដោយផ្ដោតលើបម្រែបម្រួលមិនប្រក្រតីនៃគណនី ឬសមាមាត្រនៃគណនីណាមួយភាពខុសគ្នារវាងព័ត៌មាន និងទិន្នន័យ និងយោបល់ដែលមានក្នុងរបាយការណ៍សវនកម្មឯករាជ្យជាដើម។
៣៖ ការវិភាគអនុបាត គឺជាការពិនិត្យផ្ទៀងផ្ទាត់ផលធៀបសមាមាត្ររវាងទិន្នន័យផ្សេងគ្នា ដែលអាចត្រូវបានដកស្រង់ពីរបាយការណ៍ហិរញ្ញវត្ថុ
តែមួយ ឬរបាយការណ៍ហិរញ្ញវត្ថុផ្សេងគ្នា ដូចជាតារាងតុល្យការ និងរបាយការណ៍លទ្ធផលជាដើម។
ថ្លែងក្នុងកម្មវិធីសិក្ខាសាលានេះដែរ លោក គង់ វិបុល ក៏បានលើកឡើងពីការផ្ទេរថ្លៃ ដែលកន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានរកឃើញរូបភាពខ្លះៗ ពាក់ព័ន្ធនឹងការចុះបញ្ជីពន្ធដារមានបុគ្គល ដែលជួលឲ្យគេឈរឈ្មោះជំនួស (ក្លែងបន្លំអត្តសញ្ញាណម្ចាស់ពិតប្រាកដនិងមិនមែន ជាអ្នកទទួលផលពិតប្រាកដពីអាជីវកម្ម) អាចជាគោលដៅនៃការបង្កើតសហគ្រាសក្លែងក្លាយ ដើម្បីបំប៉ោងចំណាយ ក្លែងវិក្កយបត្រ និងឈានដល់ការគេចវេះពន្ធ។
ក្នុងន័យនេះ លោកលើកទឹកចិត្តដល់គ្រប់សហគ្រាសជាអ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ ជាពិសេសអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត (Voluntary Compliance) ជាជាងអនុលោមភាពសារពើពន្ធដោយបង្ខំ (Force Compliance)៕