(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់គ្រឿងបរិក្ខាររបស់ក្រុមហ៊ុនទូរគមនាគមន៍ Huawei និង ZTE របស់ប្រទេសចិននៅក្នុងបណ្តាញ 5G របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារការព្រួយបារម្ភអំពីសន្តិសុខជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា នេះគឺជាវិធានការចុងក្រោយបង្អស់របស់ទីក្រុងប៊ែកឡាំង ដើម្បីកាត់បន្ថយការពឹងផ្អែកខាងផ្នែកសេដ្ឋកិច្ចលើទីក្រុងប៉េកាំង ដែលប្រទេសមួយចំនួនមានការភ័យខ្លាចថានឹងទទួលរងគ្រោះ។ វិធានការនេះក៏ធ្វើឡើងផងដែរបន្ទាប់ពីមានការព្រមានពីសហភាពអឺរ៉ុបដែលថា ក្រុមហ៊ុនចិនទាំងពីរនេះបង្កហានិភ័យដល់ប្លុកដែលមានសមាជិក ២៧ប្រទេសនេះ។
ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឱ្យដឹងនៅទីក្រុងប៊ែកឡាំងថា គ្រឿងបង្គុំពីក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE នឹងលែងប្រើក្នុងបណ្តាញទូរស័ព្ទ 5G «ស្នូល» ទៀតហើយយ៉ាងយូរនៅចុងឆ្នាំ២០២៦។
នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ 5G ប្រព័ន្ធរបស់ក្រុមហ៊ុនទូរគមនាគមន៍ទាំងពីរនេះត្រូវតែជំនួសដោយប្រព័ន្ធផ្សេងនៅចុងឆ្នាំ២០២៩។
រដ្ឋមន្ត្រីមហាផ្ទៃអ្នកស្រី Nancy Faeser ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ថា៖ «យើងកំពុងការពារប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់ប្រទេសអាឡឺម៉ង់ដែលជាទីតាំងអាជីវកម្មមួយ ហើយយើងកំពុងការពារការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងរដ្ឋ»។
អ្នកស្រីបានបន្ថែមថា៖ «យើងត្រូវតែកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ ហើយមិនដូចកាលពីអតីតកាលទេ យើងត្រូវជៀសវាងការពឹងផ្អែកតែលើភាគីម្ខាង »។
ក្រសួងមហាផ្ទៃអាល្លឺម៉ង់បានឱ្យដឹងថា បណ្តាញ 5G បង្កើតបានជាផ្នែកមួយនៃ «ហេដ្ឋារចនាសម្ព័ន្ធសំខាន់» របស់ប្រទេសអាល្លឺម៉ង់ និងមានសារៈសំខាន់សម្រាប់ដំណើរការនៃវិស័យជាច្រើនរាប់ចាប់ពីវិស័យសុខាភិបាល រហូតដល់វិស័យដឹកជញ្ជូន និងថាមពល។ ក្រសួងបានបន្ថែមថា បណ្តាញទូរគមនាគមន៍ត្រូវតែត្រូវបានការពារពីការវាយប្រហារតាមអ៊ីនធឺណិត ដែលអាចជាការគំរាមកំហែងខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕