(វ៉ាស៊ីនតោន)៖ សារព័ត៌មាន CNN នឹងកាត់បន្ថយការងារប្រហែល ១០០កន្លែងជាផ្នែកមួយនៃផែនការបង្រួមប្រតិបត្តិការព័ត៌មាន និងជំរុញអាជីវកម្មឌីជីថលរបស់ខ្លួន នេះបើយោងតាមអនុស្សរណៈផ្ទៃក្នុងដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបានកាលពីថ្ងៃព្រហស្បតិ៍។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Mark Thompson នាយកប្រតិបត្តិរបស់ CNN បានប្រាប់បុគ្គលិកនៅក្នុងអនុស្សរណៈនេះថា សារព័ត៌មាន CNN នឹងច្របាច់ក្រុមការងារប្រមូលព័ត៌មាន និងព័ត៌មានឌីជីថលរបស់ខ្លួនបញ្ចូលគ្នា វិនិយោគលើប្រតិបត្តិការវីដេអូ និងចាប់ផ្តើមផលិតផលព័ត៌មានមើលបង់ប្រាក់ (pay-per-view)។
លោក Thompson បានមានប្រសាសន៍ថា៖ «យើងកំពុងកសាងអាជីវកម្មឌីជីថលរាប់ពាន់លានដុល្លារនាពេលអនាគត»។ លោកបានបន្ថែមថា ក្រុមហ៊ុនរំពឹងថានឹងកាត់បន្ថយការងារប្រហែល ១០០កន្លែងក្នុងចំណោមបុគ្គលិកនៅទូទាំងពិភពលោកចំនួន ៣ ៥០០នាក់។
លោក Thompson ដែលជាអតីតនាយកប្រតិបត្តិកាសែត New York Times និងសារព័ត៌មាន BBC ដែលបានចូលកាន់តំណែងជានាយកប្រតិបត្តិរបស់សារព័ត៌មាន CNN កាលពីខែតុលាឆ្នាំមុន កំពុងព្យាយាមសម្រួលប្រតិបត្តិការបណ្តាញ និងបង្កើនការលក់ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃការមើលទូរទស្សន៍។
សារព័ត៌មាន CNN នឹងចាប់ផ្តើមផលិតផលជាវដាច់ដោយឡែកសម្រាប់គេហទំព័រ CNN.com នៅចុងឆ្នាំនេះ ដែលជាការផ្តល់ជូនការជាវប្រចាំតាមការគ្រោងទុកជាលើកដំបូង រួមទាំងផលិតផលដែលនឹងផ្តោតលើព័ត៌មានជីវិតកម្សាន្ត (lifestyle) និងបទយកការណ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕