(ហាណូយ)៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានប្រកាសផែនការរបស់ខ្លួនសម្រាប់ប្រតិបត្តិការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំនេះ។ នេះបើយោងតាមកាសែត Vietnam News។
ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់វៀតណាមមួយនេះនឹងដំណើរការជើងហោះហើរទៅនិងមកចំនួនបួនជើងក្នុងមួយសប្តាហ៍នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ដោយប្រើយន្តហោះ Airbus A321។
កាសែត Vietnam News បានរាយការណ៍ធា បច្ចុប្បន្ន អ្នកដំណើរដែលធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ពីទីក្រុងហាណូយមករាជធានីភ្នំពេញត្រូវធ្វើដំណើរឆ្លងកាត់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវសិន។ ផ្លូវថ្មីនេះនឹងបង្កើនចំនួនផ្លូវហោះហើរសរុបដល់ប្រាំផ្លូវ ហើយជើងហោះហើរតភ្ជាប់ប្រទេសទាំងពីរដល់ ៨៦ជើងក្នុងមួយសប្តាហ៍។
លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air សមាគមទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍វៀតណាម Saigontourist Group។
ក្រុមហ៊ុនគ្រោងនឹងសម្របសម្រួលជាមួយដៃគូរបស់ខ្លួនក្នុងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ទាំងក្នុងប្រទេសវៀតណាម និងកម្ពុជា ហើយចូលរួមគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងសេវាកម្ម និងផលិតផលរបស់ដៃគូទាំងនោះ។
ជាមធ្យម មានអ្នកដំណើរប្រហែល ៤៥០ ០០០នាក់ដែលធ្វើដំណើរតាមយន្តហោះរវាងប្រទេសទាំងពីរជារៀងរាល់ឆ្នាំ ហើយអត្រាកំណើនប្រចាំឆ្នាំមាន ២៤ភាគរយក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ។ នៅឆ្នាំ២០២៣ ជនជាតិវៀតណាមមួយលាននាក់បានមកទស្សនាប្រទេសកម្ពុជា ហើយពលរដ្ឋខ្មែរជាង ៤០ម៉ឺននាក់បានទៅទស្សនាប្រទេសវៀតណាម។ នេះបើយោងតាមកាសែត Vietnam News៕