(ញូវយ៉ក)៖ ក្រុមហ៊ុន Goldman Sachs កាលពីថ្ងៃចន្ទសប្តាហ៍នេះបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននៅឆ្នាំ២០២៤ ពី ៥ភាគរយមកត្រឹម ៤,៩ភាគរយ បន្ទាប់ពីទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះនៅក្នុងត្រីមាសទីពីរ។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះបានកើនឡើង ៤,៧ភាគរយនៅក្នុងខែមេសាដល់ខែមិថុនា ដែលជាកំណើនយឺតបំផុតរបស់ខ្លួនគិតចាប់តាំងពីត្រីមាសទីមួយឆ្នាំ២០២៣ និងទាបជាងការព្យាកររបស់ក្រុមអ្នកវិភាគនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលថាមាន ៥,១ភាគរយ។
ក្រុមសេដ្ឋវិទូរបស់ក្រុមហ៊ុន Goldman Sachs ដែលដឹកនាំដោយលោក Lisheng Wang បានឱ្យដឹងថា៖ «ដើម្បីទប់ទល់នឹងតម្រូវការក្នុងស្រុកដែលខ្សោយ យើងជឿថា ចាំបាច់ត្រូវមានការបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀតក្នុងរយៈពេលដែលនៅសល់ក្នុងឆ្នាំនេះ ជាពិសេសលើផ្នែកសារពើពន្ធ និងលំនៅឋាន»។
ដូចគ្នានេះដែរ ក្រុមហ៊ុន JP Morgan បានឱ្យដឹងថា របាយការណ៍ស្តីពីផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទីពីររបស់ប្រទេសចិន និងទិន្នន័យសកម្មភាពសេដ្ឋកិច្ចក្នុងខែមិថុនាបានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិននៅតែ «ផុយស្រួយ មិនស្ថិតស្ថេរ និងមិនមានតុល្យភាព»។
ក្រុមហ៊ុនឈ្មួញជើងសារនេះបានទម្លាក់ការព្យាករពីផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៤ របស់ខ្លួនសម្រាប់ប្រទេសនេះមកនៅត្រឹម ៤,៧ភាគរយបើធៀបនឹងការប៉ាន់ប្រមាណពីពេលមុនដែលថាមាន ៥,២ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕