(សៀងហៃ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលនៃបេសកកម្មដឹកនាំសិក្ខាកាមជាស្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងស្ថាប័នចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី «ថវិកាសមិទ្ធកម្មៈ បទពិសោធប្រទេសចិន» នារសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Jumbo Consulting Co. និងបានជួបពិភាក្សាការងារជាមួយវិនិយោគិនចិនមួយចំនួន នាទីក្រុងសៀងហៃ។
ទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោក លាវ ចាង (LEO ZHANG) ប្រធានក្រុមហ៊ុន Jumbo Consulting Co.ក្នុងគោលបំណងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើការងារកសាង និងអភិវឌ្ឍសមត្ថភាពជូនមន្រ្តីរាជការ សម្រាប់គាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និងទាក់ទាញវិនិយោគិនបរទេស ទៅវិនិយោគនៅកម្ពុជា ជាពិសេស ផ្សព្វផ្សាយ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤។
ថ្លែងនៅក្នុងឱកាសនោះ, បណ្ឌិតសភាចារ្យ ប្រធានគណៈប្រតិភូកម្ពុជា បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកសាង និងការអភិវឌ្ឍសមត្ថភាព លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។
បណ្ឌិតសភាចារ្យប្រធានគណៈប្រតិភូ បានស្នើឱ្យក្រុមហ៊ុន Jumbo Consulting Co. ពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការងារបណ្ដុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សា សម្រាប់មន្រ្តីរាជការកម្ពុជា។
ទន្ទឹមនេះ, បណ្ឌិតសភាចារ្យប្រធានគណៈប្រតិភូ បានគូសបញ្ជាក់អំពីសុខសន្តិភាព សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និង ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលជាកាលានុវត្តភាព ចំពោះការវិនិយោគពីបរទេស ជាពិសេស ការលើកទឹកចិត្តចំពោះការពង្រីកគម្រោងវិនិយោគដែលមានស្រាប់ និងការបោះទុនវិនិយោគថ្មីបន្ថែម នៅតំបន់ខេត្តព្រះសីហនុ និង បណ្ដាខេត្តទៅជាប់មាត់សមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា សំដៅទាក់ទាញការចាប់អារម្មណ៍ពីក្រុមហ៊ុន Jumbo Consulting Co. និង វិនិយោគិនចិន ដែលកំពុងស្វែងរកឱកាសវិនិយោគ ដើម្បីមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ជាលទ្ធផល, ក្រុមហ៊ុន Jumbo Consulting Co. បានសន្យាថានឹងបង្កើនកិច្ចសហការ ជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍអាស៊ីប៉ាស៊ីភិច ទីក្រុងសៀងហៃ និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងការរៀបចំ «វគ្គបណ្ដុះបណ្តាល និង សិក្ខាសាលាបណ្ដុះបណ្តាលរយៈពេលខ្លី ព្រមទាំងទស្សនកិច្ចសិក្សា» ជូនដល់មន្រ្តីរាជការតាមកម្ពុជា តាមការព្រមព្រៀងគ្នា ជាពិសេស លើជំនាញគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងគម្រោងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ព្រមទាំងបានសន្យាជួយផ្សព្វផ្សាយ និង ជំរុញវិនិយោគិនចិនដើម្បីបង្កើនការវិនិយោគថែមទៀតនៅកម្ពុជា។
ជាមួយគ្នានេះ, ក្រុមហ៊ុន Jumbo Consulting បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបើកការិយាល័យតំណាងរបស់ខ្លួនឡើងវិញ នៅទីក្រុងភ្នំពេញ ដើម្បីជំរុញការផ្សព្វផ្សាយ និងការទាក់ទាញគម្រោងវិនិយោគខ្នាតធំ និងមធ្យមទៅកម្ពុជា ជាពិសេស គម្រោងវិនិយោគក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងបានស្នើសុំការគាំទ្រពីភាគីកម្ពុជាចំពោះកិច្ចប្រឹងប្រែង និងគោលបំណងខាងលើនេះ។
បណ្ឌិតសភាចារ្យប្រធានគណៈប្រតិភូកម្ពុជា បានសំដែងការសាទរ ចំពោះគោលបំណងរបស់ក្រុមហ៊ុន Jumbo Consulting និង ជំរុញឱ្យក្រុមវិនិយោគិនចិនអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងយល់បន្ថែមឱ្យបានជាក់លាក់លើប្រភេទគម្រោង និ តំបន់គោលដៅ សម្រាប់ការបណ្ដាក់ទុនវិនិយោគនៅពេលខាងមុខ។
សូមជម្រាបជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤។ ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និង អនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៤ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដំណើរការបានក្នុងឆ្នាំ ២០២៤, ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច និង ៤) គម្រោងដែលមានស្រាប់ ។
រាល់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ច ដែលស្ថិតនៅក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ ត្រូវដាក់ស្នើមកក្រុមការងារនេះ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត ។
ក្នុងស្មារតីនេះ, ធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០ ៕