(បាងកក)៖ ក្រុមហ៊ុន BYD របស់ចិន បានបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងគេរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងប្រទេសថៃ កាលពីដើមខែនេះ។ ការបើកដំណើរការនេះ បានធ្វើឱ្យប្រទេសថៃទទួលបានការកោតសរសើរជាច្រើន ចំពោះចក្ខុវិស័យ និងសក្ដានុពលក្នុងការអភិវឌ្ឍឧស្សាហកម្មរថយន្តរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមគ្នានេះដែរ អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុនផលិតរថយន្តធំមួយគឺ Suzuki Motor បានប្រកាសថា ខ្លួននឹងបិទរោងចក្រមួយនៅប្រទេសថៃ ដែលរោងចក្រនេះអាចមានលទ្ធភាពផលិតរថយន្តរហូតដល់ទៅ ៦០,០០០គ្រឿងក្នុងមួយឆ្នាំ។
ការប្រកាសបិទក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ឆ្លុះបញ្ចាំងបញ្ហាជាច្រើនទៀត នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ដែលជាប្រទេសធំទីពីរនៃអាស៊ីអាគ្នេយ៍នេះ បញ្ហាដែលនេះគឺទទួលរងឥទ្ធិពលពីការនាំចូលរថយន្តតម្លៃថោកៗពីប្រទេសចិន និងការធ្លាក់ចុះនៃការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ដោយសារកត្តាជាច្រើនរួមទាំងការកើនឡើងថ្លៃថាមពល និងកម្លាំងពលកម្មដែលមានវ័យចំណាស់។
ប្រទេសថៃបានជួបប្រទះការបិទរោងចក្រជិត ២,០០០កន្លែងក្នុងឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យវិស័យផលិតកម្មរបស់ខ្លួន ដែលរួមចំណែកជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួនមានភាពច្របូកច្របល់។
បញ្ហាក្នុងវិស័យឧស្សាហកម្ម ធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Srettha Thavsin ដែលទើបឡើងកាន់តំណែងកាលពីឆ្នាំមុន ពិបាកបំពេញតាមការសន្យារបស់លោកក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោកធ្លាប់សន្យាថា នឹងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាមធ្យម ៥% ក្នុងមួយឆ្នាំ ប៉ុន្តែការពិតសេដ្ឋកិច្ចកថៃ ក្នុងទសវត្សរ៍កន្លងមកមានកំណើនត្រឹមតែ ១.៧៣% ប៉ុណ្ណោះ។
«វិស័យឧស្សាហកម្មបានធ្លាក់ចុះ ហើយការប្រើប្រាស់ធនធាន (សម្រាប់បម្រើដល់ឧស្សាហកម្មនេះ) បានធ្លាក់ចុះក្រោម ៦០%» លោក Srettha បានប្រាប់សភាកាលពីសប្តាហ៍មុន។ «វាច្បាស់ណាស់ថាឧស្សាហកម្មនេះត្រូវការការសម្របខ្លួន»។
លោក Supavud Saicheua ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ដែលជាទីភ្នាក់ងាររៀបចំផែនការរបស់រដ្ឋ បាននិយាយថា គំរូសេដ្ឋកិច្ចដែលដឹកនាំដោយផលិតកម្មរបស់ប្រទេសថៃ អស់រយៈពេលជាច្រើនទស្សវតមកនេះត្រូវបានខូច។
«បច្ចុប្បន្ន ចិនកំពុងព្យាយាមនាំចេញទៅគ្រប់ទិសទី។ ការនាំចូលដែលមានតម្លៃថោកទាំងនោះពិតជាបង្កបញ្ហា»។ លោក Supavud បានប្រាប់ Reuters។
«យើងត្រូវតែផ្លាស់ប្តូរ ដោយគ្មានការស្ទាក់ស្ទើអ្វីទាំង» លោក Supavud បាននិយាយដោយអះអាងថា ប្រទេសថៃ គួរតែផ្តោតឡើងវិញលើការផលិតផលដែលមិននាំចេញ និងពង្រឹងវិស័យកសិកម្មរបស់ខ្លួន។
គួរបញ្ជាក់ថា ការបិទរោងចក្ររវាងខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ បានកើនឡើង ៤០% បើធៀបនឹងរយៈពេល ១២ខែមុន នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់របស់ក្រសួងឧស្សាហកម្ម ដែលមិនធ្លាប់បានរាយការណ៍ពីមុនមក។ ជាលទ្ធផល ការបាត់បង់ការងារបានកើនឡើង ៨០% ក្នុងអំឡុងពេលដូចគ្នា ដោយមានកម្មករជាង ៥១,៥០០នាក់ បានបាត់បង់ការងារធ្វើ។
ចំនួនរោងចក្រដែលបើកថ្មីក៏បានថយចុះផងដែរ ដោយរោងចក្រធំៗបានបិទទ្វារ ហើយរោងចក្រតូចៗបានបើកជំនួសវិញ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាភិបាលនៃធនាគារ Kiatnakin Phatra កាលពីខែមិថុនា ដោយសង្កត់ធ្ងន់ថា ផលប៉ះពាល់របស់វាបានរាលដាលដល់ឧស្សាហកម្ម ដែលជាកម្លាំងជំរុញសំខាន់នៃសេដ្ឋកិច្ច រួមទាំងឧស្សាហកម្មផលិតរថយន្តផងដែរ៕