(ភ្នំពេញ)៖ ដើម្បីបន្ថែមភាពងាយស្រួល ដល់ភ្ញៀវទេសចរអន្ដរជាតិ ដែលមកទស្សនាកម្ពុជា ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ «បាគង» សម្រាប់ការទូទាត់ប្រាក់ដល់ភ្ញៀវទេសចរអន្ដរជាតិ នៅពេលពួកគាត់បានមកដល់ប្រទេសកម្ពុជា ដោយមិនចាំបាច់ចាយជាក្រដាសប្រាក់នោះឡើយ។
នេះបើតាមការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីសន្និសិបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី ជា សិរី បានថ្លែងថា «បន្ដិចទៀតយើងនឹងដាក់ឲ្យមានការប្រើប្រាស់ប្រព័ន្ធបាគង សម្រាប់ភ្ញៀវទេសចរមានន័យថា ភ្ញៀវទេសចរដែលបានធ្វើដំណើរមក ដល់ប្រទេសកម្ពុជាអាច Donwload អេប បាគង ហើយប្រសិនបើភ្ញៀវទេសចរមិនមានគណីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញក្នុងបាគងនោះទេ ភ្ញៀវទេសចរអាចប្រើប្រាស់កាតឥណទានពី ប្រទេសរបស់គាត់ដូចជា VISA card, Mastercard, UnionPay ជាដើម»។
លោកស្រីបានបន្ដថា ចំពោះការដាក់ចេញឲ្យមានការប្រើប្រាស់ តាមរយៈប្រព័ន្ធបាគង ដល់ភ្ញៀវទេសចរនេះ នឹងជួយសម្រួលដល់ទេសចរណ៍ និងផ្ដល់នូវបទពិសោធន៍ថ្មីនៃឌីជីថលនៅកម្ពុជា ដូច្នេះអ្វីដែលយើងកំពុងរៀបចំធ្វើ គឺដើម្បីជួយសម្រួល និងអាចប្រើប្រាស់ប្រព័ន្ធបាគង ក្នុងការទូរទាត់ប្រាក់បានយ៉ាងងាយស្រួល ដូចប្រជាពលរដ្ឋនៅក្នុងស្រុកដូចគ្នា។
លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា «ទោះជាយ៉ាងណាខ្ញុំសង្ឃឹមថា នៅពេលឆាប់ៗនេះពេលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបាគង ដល់ទេសចរនឹងជួយកាន់បន្ថយផលលំបាកទាំងនោះ ដល់ភ្ញៀវទេសចរដែលបានមកលេងប្រទេសកម្ពុជា»។
លោកស្រីបានបញ្ជាក់បន្ថែមថា ជាការឆ្លើយតបពីអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលផ្ដល់អនុសាសន៍ ដល់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើការងារជាមួយធនាគារឯកជន ទម្លាក់ចោលលក្ខខណ្ឌកាត់ទឹកលុយដុល្លារ ដែលដាច់រហែក ទក់ ឬប្រឡាក់តិចតួច ដើម្បីកុំឱ្យប៉ះអារម្មណ៍ភ្ញៀវទេសចរ។ ធនាគារជាតិនៃកម្ពុជា សូមទទួលយកនូវអនុសាសន៍នេះ ហើយយើងនឹងធ្វើការជាបន្ដបន្ទាប់ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដោយសារតែការវិនិច្ឆ័យលើក្រដាស់ប្រាក់ចាស់, ដាច់រហែក ប្រឡាក់ អាស្រ័យលើការវិនិច្ឆ័យរបស់បេឡាករ នៃធនាគារនីមួយៗ ដូច្នេះធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ដទៅទៀត។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។
សម្តេចសង្កត់ធ្ងន់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ៕