(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតំបន់ បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នជាងមុន ក្នុងការផ្តល់ឥណទាន ស្របពេលអនុបាតឥណទានមិនដំណើរការមាននិន្នាការកើនឡើងជាបន្តបន្ទាប់។
លោកស្រីបណ្ឌិត ជា សិរី លើកឡើងបែបនេះធ្វើឡើងក្នុងកម្មវិធីសន្និសិបាត បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រីបានលើកឡើងបន្តថា ការប្រុងប្រយ័ត្ននៃការផ្តល់ឥណទាននេះ ស្របពេលការងើបឡើងយឺតនៃវិស័យមួយចំនួន ដែលបានធ្វើកំណើនឥណទាន បានថមថយជាបន្តបន្ទាប់ ដល់កម្រិតទាបក្នុងអត្រា ២.៦% ដែលជាកម្រិតទាបនៅក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ។ ជាមួយគ្នានេះ អនុបាតឥណទានមិនដំណើរការមាននិន្នាការកើនឡើងជាបន្តបន្ទាប់ដល់ ៦.៨% ចំពោះវិស័យធនាគារ និង ៨.៣% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ។
លោកស្រីបន្តថា «កម្រិតខ្ពស់នេះ មួយផ្នែកបណ្តាលមកពីការថមថយល្បឿនកំណើនឥណទានផងដែរ។ ទោះយ៉ាងណា អនុបាតឥណទានមិនដំណើរការ នៅបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ហើយធនាគារជាតិនៃកម្ពុជា បានតាមដាន និងវាយតម្លៃជាប្រចាំ នូវហានិភ័យឥណទាន ក៏ដូចជាហានិភ័យពាក់ព័ន្ធនានា»។
លោកស្រីថ្លែងទៀតថា ក្នុងស្ថានភាពនេះបទប្បញ្ញត្តិអនុគ្រោះ ត្រូវបានបន្តអនុវត្តដោយប្រុងប្រយ័ត្ន សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ ស្របពេលដែលការត្រួតពិនិត្យ និងការធ្វើស្ត្រេសតេស្ត លើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាប្រចាំ ដែលលទ្ធផលបានបង្ហាញថា ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពរឹងមាំ។ ជាក់ស្តែង អនុបាតភាពគ្រប់គ្រាន់នៃដើមទុនមានកម្រិតខ្ពស់ដល់ ២២.៦% សម្រាប់វិស័យធនាគារ និង ២៧.៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុខ្ពស់ជាងកម្រិតកំណត់ ១៥%ដែលបង្ហាញពីភាពរឹងមាំនៃដើមទុន។
ចំណែកឯអនុបាតក្របខ័ណ្ឌសន្ទនីយភាពមានអត្រា ១៧៩.១% ចំពោះវិស័យធនាគារ និង២០២.៤% ចំពោះវិស័យមីក្រូហិរញ្ញវត្ថុ ខ្ពស់ឆ្ងាយពីកម្រិតកំណត់ ១០០% ដែលបង្ហាញពីលទ្ធភាពខ្ពស់នៃការផ្តល់ឥណទាន និងការគ្រប់គ្រងហានិភ័យសន្ទនីយភាព។
គួររំលេចថា ដើម្បីពង្រឹងការការពារហានិភ័យឥណទាន ក្រោយពីឥណទានមិនដំណើរការកើនឡើង សំវិធានធនក៏បានបង្កើន ហើយការកើនឡើងនៃសំវិធានធននេះ គូបផ្សំនឹងការថយចុះ កំណើនឥណទានបានបន្ថយលទ្ធភាព ស្វែងរកប្រាក់ចំណេញគួរឱ្យកត់សម្គាល់ផងដែរ។ ក្នុងបរិការណ៍នេះ ការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ត្រូវបានលើកទឹកចិត្ត ដើម្បីពង្រឹងភាពរឹងមាំនៃគ្រឹះស្ថាន ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល។
ចំពោះការរក្សាស្ថិរភាពហិរញ្ញវត្ថុនេះដែរ កិច្ចការពារអតិថិជន ការចែករំលែកព័ត៌មានឥណទាន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ត្រូវបានពង្រឹងជាប្រចាំ ដោយបានសហការយ៉ាងជិតស្និទជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។ លើសពីនេះ កិច្ចសហការចែករំលែកព័ត៌មានជាមួយភាគីពាក់ព័ន្ធ ក្នុងការតាមដានវឌ្ឍនភាពនៃវិស័យសំណង់និងអចលនទ្រព្យ និងការវាយតម្លៃភាពប្រទាក់ក្រឡា ដើម្បីដាក់ចេញវិធានការគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងហានិភ័យជាប្រព័ន្ធ ដែលអាចកើតឡើងជាយថាហេតុ៕