(ហាណូយ)៖ រថយន្តភិកអាប់ Ford Ranger របស់ក្រុមហ៊ុន Ford មានចំណែកទីផ្សារជិត ៨២% នៃទីផ្សាររថយន្តភីកអាប់ក្នុងប្រទេសវៀតណាមក្នុងឆមាសទីមួយឆ្នាំ២០២៤។ នេះបើយោងតាមកាសែត VnExpress។
កាសែត VnExpress បានរាយការណ៍ដោយដកស្រង់ប្រភពពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាមថា ក្រុមហ៊ុនដែលជាម៉ាកយីហោរបស់សហរដ្ឋអាមេរិកមួយនេះលក់រថយន្តប្រភេទភិបអាប់នេះបានជាង ៧ ៧០០គ្រឿងក្នុងចំណោមរថយន្តភិកអាប់សរុបចំនួន ៩៥០០គ្រឿងដែលលក់បាននៅក្នុងទីផ្សារវៀតណាម។
ការលក់រថយន្ត Ford Ranger បានកើនឡើង ១,៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រថយន្តភីកអាប់ Mitsubishi Triton របស់ក្រុមហ៊ុន Mitsubishi ជាប់ចំណាត់ថ្នាក់លេខ ២ ដោយលក់រថយន្តបានចំនួន ៩៩១ គ្រឿង។ ចំណាត់ថ្នាក់បន្ទាប់បានទៅលើរថយន្ត Toyota Hilux របស់ក្រុមហ៊ុន Toyota ដែលការលក់បានកើនឡើងប្រាំបួនដងដល់ ៥៧៦គ្រឿង។
រថយន្ត Isuzu D-Max របស់ក្រុមហ៊ុន Isuzu និង Mazda BT-50 របស់ក្រុមហ៊ុន Mazda ជាប់ចំណាត់ថ្នាក់បន្តបន្ទាប់។ កាលពីខែឧសភា រថយន្ត Mazda BT-50 បានបាត់វត្តមានពីក្នុងទីផ្សារ។
រថយន្តមួយប្រភេទទៀតដែលក៏មានវត្តមាននៅក្នុងទីផ្សាររថយន្តភិកអាប់វៀតណាមដែរនោះគឺរថយន្ត Nissan Navara របស់ក្រុមហ៊ុន Nissan ប៉ុន្តែក្រុមហ៊ុនមិនបានបង្ហាញតួលេខលក់ទេ។ នេះបើយោងតាមកាសែត VnExpress៕