(ភ្នំពេញ)៖ លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានគូសបញ្ជាក់ថា ធនាគារ SME នឹងពិនិត្យកែលម្អលក្ខខ័ណ្ឌនៃការផ្តល់ឥណទានមួយចំនួន និងបន្ធូរបន្ថយអត្រាការប្រាក់ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដើម្បីជំរុញការផ្តល់កម្ចីឱ្យកើនឡើង។
ការពិនិត្យកែលម្អទៅលើលក្ខខ័ណ្ឌកម្ចី និងបន្ធូរបន្ថយអត្រាការប្រាក់នេះ ដោយសង្កេតឃើញការការផ្តល់កម្ចី ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ដែលមានទឹកប្រាក់ ១៥០លានដុល្លារ ពិសេសគម្រោងផ្តល់ឥណទាន ជួយដល់ម្ចាស់អាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលមានទឹកប្រាក់ ៥០លានដុល្លារ មានភាពយឺតយ៉ាវ។
«គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍» ដែលមានទំហំទឹកប្រាក់ចំនួន ១៥០ លានដុល្លារអាមេរិក ក្នុងនោះ ៧៥ លានដុល្លារអាមេរិកបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និង៧៥លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ត្រូវបានដាក់ឱ្យដំណើរនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ រយៈពេលជាង២ឆ្នាំមកនេះ ការបញ្ចេញកម្ចីតាមរយៈគម្រោងនេះ ទើបតែបាន៥៤លានដុល្លារប៉ុណ្ណោះ ក្នុងនោះថវិការបស់ធនាគារ SME មានចំនួន២៧លានដុល្លារ និង២៧លានដុល្លារទៀត ជាថវិការបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។
ដោយឡែកគម្រោង គម្រោងផ្តល់ឥណទានជួយដល់ម្ចាស់អាជីវកម្ម វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលមានទឹកប្រាក់ ៥០លានដុល្លារ ក្នុងនោះថវិការបស់ធនាគារ SME មានចំនួន ២៥លានដុល្លារ ដោយបានបង្វែរថវិកាគម្រោង TRCS និងទឹកប្រាក់ ២៥លានដុល្លារទៀត ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្តន៍នៅដើមឆ្នាំ២០២៤នេះ បញ្ចេញឥណទានបានតែប្រមាណ ៣លានដុល្លារតែប៉ុណ្ណោះ។
លោក លឹម អូន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដំណើរការនៃការអនុវត្តគម្រោងនេះ ក៏មានភាពយឺតយ៉ាវគម្រោងមុនផងដែរ ដែលរហូតដល់បច្ចុប្បន្ននេះ ធនាគារ SME ទើបតែបានអនុម័តឥណទានជូនដល់ម្ចាស់អាជីវកម្ម នៅក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បានប្រមាណតែ ៣លានដុល្លារប៉ុណ្ណោះ និងកំពុងសិក្សាពាក្យស្នើសុំកម្ចី ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២លានដុល្លារទៀត។
លោកបានពន្យល់ថា ការដែលឥណទាននេះដំណើរការយឺត ដោយសារតែអតិថិជិនភាគច្រើនសុទ្ធតែមានឥណទានចាស់រួចហើយ ដែលមានរហូតដល់ជាង៩០% ខណៈឥណទានចាស់ទាំងនោះក៏មានបញ្ហា ដែលធ្វើពួកគាត់មិនទាន់សម្រេចចិត្តមកទាក់ទងខ្ចីពីធនាគារ SME ហេតុនេះហើយទើបធ្វើឱ្យចំនួនស្នើសុំនៅតិចតួច។
លោកបន្តថា «មួយវិញទៀត អ្នកដែលមកស្នើសុំយើងដែលមានចំនួនមិនច្រើននោះ ពេលយើងសិក្សាមើលទៅគាត់ក៏មានផលលំបាក សំខាន់លទ្ធភាពរកចំណេញរបស់គាត់មានបញ្ហា ដែលយើងពិបាកក្នុងការផ្តល់ជូន។ ជារួមការផ្តល់ជូនឥណទាន យើងចង់ផ្តល់ទៅដើម្បីឱ្យគាត់ប្រើប្រាស់លុយទៅមានការរីកចម្រើន មានលទ្ធភាពក្នុងការពង្រឹងអាជីវកម្មរបស់គាត់។ អីចឹងបើយើងសិក្សាមើលទៅ បើសិនជាការផ្តល់របស់យើងបង្កផលប៉ះពាល់ កាន់តែបង្កផលលំបាកដល់គាត់ ធ្វើឱ្យគាត់មានបំណុលវណ្ឌ.ក យើងមិនផ្តល់ជូនទេ។ ដូច្នេះហើយទាមទារឱ្យយើងសិក្សាម៉ត់ចត់ច្បាស់លាស់ថា តើគាត់ស្នើសុំឥណទាន គាត់យកថវិការបស់យើងទៅប្រើប្រាស់ទេ គាត់មានលទ្ធភាពក្នុងការពង្រីកអាជីវកម្មរបស់គាត់ ឱ្យប្រសើរជាងមុនដែរឬអត់ ក្នុងស្ថានភាពបែបនេះ»។
លោកបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយធនាគារ SME ស្វាគមន៍ចំពោះការស្នើសុំកម្ចី ហើយធនាគាររបស់រដ្ឋមួយនេះ នឹងពិនិត្យលទ្ធភាពកែលម្អលក្ខខ័ណ្ឌកម្ចីមួយចំនួន ព្រមទាំងបន្ធូរបន្ថយអត្រាការប្រាក់ឱ្យទាបជាង ៦.៥% បូករួមទាំងការមិនគិតពីកម្រៃសេវាផ្សេងៗ។ បច្ចុប្បន្ននេះ អត្រាការប្រាក់ ដែលធនាគារ SME ផ្តល់ជូនម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ ក្នុងអត្រា៦.៥%។
ព្រមជាមួយគ្នានេះ ធនាគារ SME ក៏នឹងពិនិត្យទៅលើវិសាលនៃការផ្តល់កម្ចីដល់អាជីវកម្មផ្សេងៗទៀត ដែលស្ថិតនៅក្រោមខ្សែច្រវាក់នៃវិស័យទេសចរណ៍ ដោយមិនផ្តោតតែលើសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាននោះទេ។
លោក លឹម អូន បានឱ្យដឹងថា នៅពេលខាងមុខនេះធនាគារ SME មានគម្រោងជួបជាមួយក្រសួងទេសចរណ៍ សមាគមទេសចរណ៍ ដើម្បីសិក្សាពីបញ្ហាប្រឈម ដើម្បីកែលម្អទៅលើផលិតផលឥណទាន ដែលមានស្រាប់នេះ៕