(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា (គ.ផ.ព.ឆ.)។
កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់ សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា (គ.ផ.ព.ឆ.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងលើកទី៤ ដើម្បីពិនិត្យ, ផ្ដល់យោបល់ និងផ្តល់គោលការណ៍ឯកភាពលើសេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា»។
កិច្ចប្រជុំនេះ មានការ អញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្រ្តី, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អភិបាលខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកោះកុង, ខេត្តកែប និងក្រុមការងាររៀបចំផែនការមេ ដែលដឹកនាំដោយលោក ស៊ឺម៉ា សែវ (SIMA XIAO) នាយកនៃវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning & Design Institute of Shenzhen - UPDIS)។
តាមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការពង្រីកវិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការ មេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំឡើង ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រទាំង ៣ផ្សេងទៀត តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែនការមេដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម។
ជាក់ស្ដែង, សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» មានចក្ខុវិស័យរយៈពេលវែង ដល់ឆ្នាំ ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា៖
ទី១៖ គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរ-សមុទ្រអន្តរជាតិ, ផ្ដល់សេវាទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ។
ទី២៖ ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្រ្តបៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង។
សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្ដានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ ។ បន្ថែមពីលើនេះ, ផែនការមេនេះក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍ លើការបំពេញឱ្យគ្នាទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រមទាំងគម្រោងយុទ្ធសាស្រ្តសម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ផងដែរ។
ជាលទ្ធផល, អង្គប្រជុំ បានពិភាក្សាដោយយកចិត្តទុកដាក់លើចំណុចសំខាន់ៗ និងបានផ្ដល់មតិយោបល់កែសម្រួលលើផ្នែកខ្លះរបស់សេចក្តីព្រាង ដើម្បីឲ្យឯកសារសេចក្តីព្រាង កាន់តែមានភាពពេញលេញ និងមានសង្គតិភាព និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្ដីព្រាង«ផែនការមេអភិវឌ្ឍបណ្ដាខេត្ត ជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» នេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារបច្ចេកទេសសម្របសម្រួលអន្តរក្រសួង ក៏ដូចជាលេខាធិការដ្ឋានរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា និងក្រុមការងារវិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំ និងកែសម្រួលសេចក្តីព្រាង «ផែនការមេ អភិវឌ្ឍ បណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ស្របតាមមតិ យោបល់របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យកាន់តែមានភាពច្បាស់លាស់, គ្រប់ជ្រុងជ្រោយ និងបញ្ចប់តាម ការគ្រោងទុករបស់រាជរដ្ឋាភិបាល៕