(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរបីវគ្គជាប់ៗគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលមានការរំពឹងទុកកាន់តែខ្លាំងថានឹងមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា និងការព្រួយបារម្ភពីតម្រូវការប្រេងបានប៉ះប៉ូវដល់ការការរំពឹងទុកថានឹងមានការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញា និងការគំរាមកំហែងដល់ការផ្គត់ផ្គង់ពីភ្លើងឆេះព្រៃនៅកាណាដា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតសម្រាប់ចែកចាយនៅខែកញ្ញាបានធ្លាក់ចុះថ្លៃ ៨៤សេន ឬ ១ភាគរយមកនៅត្រឹម ៨១,៥៦ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃអង្គារ។ ប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក្នុងកិច្ចសន្យាសម្រាប់ចែកចាយនៅខែកញ្ញាបានធ្លាក់ចុះថ្លៃ ៩៣សេន ឬ ១,២ភាគរយមកនៅត្រឹម ៧៧,៤៧ដុល្លារក្នុងមួយបារ៉ែល។
នៅតំបន់មជ្ឈិមបូព៌ា កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសស្ថិតក្រោមផែនការដែលបានដាក់ចេញដោយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីខែឧសភា និងសម្របសម្រួលដោយប្រទេសអេហ្ស៊ីប និងកាតា ទទួលបានវឌ្ឍនភាពក្នុងរយៈពេលមួយខែកន្លងមកនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា លោកនាយករដ្ឋមន្ត្រីរូបនេះបានប្រាប់ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងនៅហ្គាហ្សាថា កិច្ចព្រមព្រៀងដែលនឹងធានាបាននូវការដោះលែងពួកគេអាចនឹងខិតជិតមកដល់ ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងដែដីប៉ាឡេស្ទីន។ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ត្រូវបានរំពឹងថានឹងជួបលោក Netanyahu នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅឯសេតវិមាន។
សង្គ្រាមនៅតំបន់ហ្គាហ្សាបានជំរុញតម្លៃប្រេងឆៅ ខណៈដែលវិនិយោគិនគិតថានឹងមានការរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅពិភពលោកនៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ានេះ។ ការឡើងថ្លៃប្រាក់ដុល្លារអាមេរិកក៏បានជំរុញតម្លៃប្រេងឆៅផងដែរ៕