(ហាណូយ)៖ ទោះបីជាមានការធ្លាក់ចុះការលក់យ៉ាងគំហុកក៏ដោយ ក៏ក្រុមហ៊ុន Toyota នៅតែរក្សាបានតំណែងនាំមុខរបស់ខ្លួននៅក្នុងទីផ្សាររថយន្តរបស់វៀតណាមនៅក្នុងឆមាសទីមួយឆ្នាំនេះ ដោយលក់រថយន្តបានចំនួន ២២ ៣៣៨គ្រឿង។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។
កាសែត VnExpress បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាមថា ការលក់របស់ក្រុមហ៊ុនជប៉ុន Toyota បានធ្លាក់ចុះ ១៧% នៅឆមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក្នុងគ្រាដែលមានការធ្លាក់ចុះជាទូទៅនៃតម្រូវការរថយន្ត។
ក្រុនហ៊ុន VinFast របស់វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដោយលក់រថយន្តបានចំនួន ២០ ០០០គ្រឿង (អគ្គិសនីទាំងអស់) ខណៈដែលក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូងលក់បានចំនួន ១៩ ២៩៣គ្រឿង ហើយក្រុមហ៊ុន Ford លក់បាន ១៥ ៤៨៧គ្រឿង។
ក្រុមហ៊ុន Toyota លក់រថយន្តចំនួន ១៥ម៉ូដែល ដែលលក់បានម៉ូដែលច្រើនបំផុតក្នុងចំណោមក្រុមហ៊ុនទាំងអស់ ប៉ុន្តែមិនមានម៉ូដែលណាមួយវ៉ាដាច់គេទេក្នុងចំណែកទីផ្សារម៉ូដែលនីមួយៗទេ។ រថយន្ត Toyota Vios មានចំណែកជិត ១៩% នៃការលក់របស់ក្រុមហ៊ុន Toyota ដោយលក់បានចំនួន ៤ ២១៥គ្រឿង។
ក្រុមហ៊ុន Toyota ក៏បានលក់រថយន្តកូនកាត់ចំនួន ៦ម៉ូដែលផងដែរដោយលក់បានចំនួន ១ ៦៨២គ្រឿង។
សរុបមក យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម និងក្រុមហ៊ុន Hyundai Thanh Cong ដែលលក់រថយន្ត Hyundai រថយន្តចំនួន ១៥៤ ២៦៥គ្រឿងត្រូវបានលក់ចេញនៅក្នុងទីផ្សារវៀតណាមក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ ដោយធ្លាក់ចុះ ៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត VnExpress៕