(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្ម ពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ» និង «សៀវភៅណែនាំ ស្ដីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពី ពន្ធដារ»។
សិក្ខាសាលានេះ ក៏មានវត្តមានជាកិត្តិយសរបស់លោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា, លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំ និងតំណាងស្ថានទូតម៉ាឡេស៊ី ថៃ វៀតណាម សហគមន៍អឺរ៉ុប អាល្លឺម៉ង់ បារាំង ជប៉ុន ហ្វីលីពីន និងព្រុយណេ ផងដែរ។
ក្នុងសិក្ខាសាលានេះ មានការចូលរួមពី លោក-លោកស្រី-លោកអគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និយ័តករគណនេយ្យ និងសវនកម្ម និយ័តករមូលបត្រកម្ពុជា ជាច្រើនរូប។ សិក្ខាសាលានេះ បានរៀបចំធ្វើឡើង នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា សិក្ខាសាលានេះ គឺជាការបោះជំហាននៃប្រព័ន្ធពន្ធដារកម្ពុជា និងក្នុងនាមវិស័យឯកជន និងសភាពាណិជ្ជកម្មកម្ពុជា សូមចូលរួមអបអរសាទរចំពោះលទ្ធផលជារូបរាងនៃ SOP នេះ គឺជាការផ្ញើសារទៅអន្តរជាតិថា ប្រព័ន្ធពន្ធដារកាន់តែបើកចំហផ្តល់នូវ «ការព្យាករ និងតម្លាភាពនៃពន្ធ (Predictability and Transparency of Tax)។
លោក គង់ វិបុល បានលើកឡើងថា សិក្ខាសាលានេះ បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការឈ្វេងយល់ និងចូលរួមបំពេញ កាតព្វកិច្ចសារពើពន្ធ ក្នុងគោលដៅពង្រឹង អនុលោមភាពសារពើពន្ធ ជាពិសេសតាមរយៈអនុលោមភាពសារពើពន្ធ ដោយស្ម័គ្រចិត្ត (Voluntary Compliance)។
ជាគោលការណ៍ចម្បង អគ្គនាយកដ្ឋានពន្ធដារ បាននិងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ជាពិសេស គោលនយោបាយពន្ធដារ បានសម្រួល និងលើកកម្ពស់បន្ថែមទៀត នូវបរិយាកាសធុរកិច្ច ជូនដល់វិនិយោគិនក្នុងស្រុក សំដៅសម្រួលដល់ការវិនិយោគ និងការប្រកបអាជីវកម្ម ឲ្យកាន់តែមានភាពងាយស្រួល និងទទួលបានប្រាក់ចំណេញ និងឈានទៅបន្តទាក់ទាញបន្ថែមទៀត នូវវិនិយោគិនបរទេស ឲ្យចូលមកប្រទេសកម្ពុជា។
មួយវិញទៀត អនុលោមទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការកែទម្រង់និងការពង្រឹងអភិបាលកិច្ចល្អ និងដើម្បីចូលរួមពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់វិស័យឯកជន ព្រមទាំងបន្តពង្រឹងសមត្ថភាពការងារគ្រប់គ្រងនិង ប្រមូលចំណូលពន្ធ។
រដ្ឋបាលសារពើពន្ធ បាននិងកំពុងបន្តរៀបចំ និងបន្តលើកកម្ពស់ភាពស្អាតស្អំ របស់មន្ត្រីរាជការពន្ធដារ ព្រមទាំង បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិជាបន្តបន្ទាប់ ជាពិសេស ការព្យាយាមវិវត្តន៍ខ្លួនទៅជារដ្ឋបាលសារពើពន្ធ ទំនើប ស្របតាមឧត្តមានុវត្តន៍តំបន់និងអន្តរជាតិ និងបរិការណ៍សង្គម-សេដ្ឋកិច្ចឌីជីថល។
សូមជម្រាបថា សិក្ខាសាលានេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖
* បទបង្ហាញទី១៖ អំពីសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ (SOP on Auditing) ដោយលោក ជួរ សែ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស។
ខ្លឹមសារនៃបទបង្ហាញបាន លើកឡើងអំពី ១៖ មុខងារសវនកម្មពន្ធដារ, ២៖ បែបបទ នីតិវិធី និងរំហូរការងារ, ៣៖ សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់ រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធ និងតំណាងអ្នកជាប់ពន្ធ, ៤៖ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្រ្តីពន្ធដារ និង អ្នកជាប់ពន្ធ, ៥៖ យន្តការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង៦៖ យន្តការរាយការណ៍ និងប្តឹង។
* បទបង្ហាញទី២៖ ការប្រៀបធៀបសវនកម្មពន្ធដាររបស់កម្ពុជាទៅនឹងបរិបទនិងឧត្តមានុវត្តន៍ក្នុងតំបន់ និងអន្តរជាតិ (Remarks on Comparing Cambodia’s Tax Audits to International and Regional Best Practices) ដោយលោក Edwin Vanderbruggen (Partner VDB Loi)។
ខ្លឹមសារនៃបទបង្ហាញបានលើកឡើងអំពីស្ថានភាពប្រហាក់-ប្រហែលគ្នា នៃកិច្ចការសវនកម្មពន្ធដារកម្ពុជា និងការផ្តល់ជាអនុសាសន៍ល្អៗសម្រាប់ពន្ធដារកម្ពុជា។
លោកក៏បានជំរុញ និងលើកទឹកចិត្តឲ្យសហគ្រាសទាំងឡាយ ពង្រឹងការកាន់បញ្ជិកាគណនេយ្យ និងឈានទៅទទួលបានអនុលោមភាពកម្រិត មាស (Gold Compliance) ដើម្បីឆ្លុះបញ្ចាំងអំពីការចូលរួម ពង្រឹងអនុលោមភាពសារពើពន្ធ។
* បទបង្ហាញទី៣៖ អំពីសៀវភៅណែនាំស្ដីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ ដោយលោក ស្រ៊ុន អង្គរ៉េន ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ ដែលបានលើកឡើងអំពីទិដ្ឋភាពទាំងស្រុងនៃមុខងារ ស៊ើបអង្កេតបទល្មើសនេះ ព្រមទាំងបែបបទនិងនីតិវិធីនៃការអនុវត្តមុខងារនេះ។
ខ្លឹមសារនៃបទបង្ហាញបានរំលេចអំពី១៖ វិសាលភាព បែបបទនិងនីតិវិធី ទណ្ឌកម្ម, ២៖ សិទ្ធិ អំណាច និងកាតព្វកិច្ច សមត្ថកិច្ច និងនីតិសម្បទារបស់រដ្ឋបាលសារពើពន្ធ, ៣៖ សិទ្ធិ និងកាតព្វកិច្ច របស់អ្នកជាប់ពន្ធ, ៤៖ ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈ របស់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ, ៥៖ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង៦៖ យន្តការរាយការណ៍ និងប្តឹង៕