(ភ្នំពេញ)៖ «ផែនការមេអភិវឌ្ឍបណ្ដា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ដែលរាជរដ្ឋាភិបាលបានរៀបចំ និងត្រៀមដាក់ឱ្យអនុវត្តនៅពេលមុខ នឹងជំរុញឱ្យខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា ដូចជាខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ក្លាយទៅជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោកនាពេលអនាគត។
«ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ត្រូវបានគណៈកម្មាធិការសម្របសម្រួល អន្តរក្រសួងរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា (គ.ផ.ព.ឆ.) ប្រជុំពិនិត្យនិងពិភាក្សា ៤លើករួចមកហើយ។
តាមការចង្អុលបង្ហាញដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រីកវិសាលភាពនៃ «ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង», «ផែនការ មេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានរៀបចំឡើង ដោយបញ្ចូលខេត្តជាប់ឆ្នេរសមុទ្រទាំង ៣ ផ្សេងទៀត តាមរយៈការប្រើប្រាស់ធនធាន និងសក្ដានុពលផ្សេងៗរបស់ខេត្តនីមួយៗ ដែលអាចផ្គុំចូលគ្នាបង្កើតជាផែនការមេ ដែលប្រទាក់ក្រឡា មានមាត្រដ្ឋាន និងជាកម្លាំងរួមមួយ សំដៅបង្កើនភាពប្រកួតប្រជែងរបស់ខេត្តទាំងបួន និងកម្ពុជាជារួម ។
សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» មានចក្ខុវិស័យរយៈពេលវែង ដល់ឆ្នាំ២០៣៨ ដែលមានទិសដៅអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា៖
ទី១- គោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក៖ ដៃគូប្រកួតប្រជែងទៅកាន់គោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិ, ផ្ដល់សេវាទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ និងបង្កើនបរិយាកាសសម្រាប់ទេសចរណ៍បែបកម្សាន្ដ ។
ទី២- ថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង៖ ប្រកបដោយថាមពលបៃតង, ការប្រើប្រាស់វិធីសាស្រ្តបៃតងសម្រាប់ការធ្វើកសិកម្ម និងការអភិវឌ្ឍឧស្សាហកម្ម និងហិរញ្ញវត្ថុបៃតង ។
សេចក្ដីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និង ប្រទាក់ក្រឡា» បានធ្វើការវាយតម្លៃអំពីការគ្រប់គ្រងរដ្ឋបាល, ស្ថានភាពចរាចរណ៍, កម្ពស់សណ្ឋានដី, ការអភិវឌ្ឍដី, ចំនួនប្រជាជន, ស្ថានភាពធនធាន និងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ដើម្បីវិភាគទៅលើគោលដៅ, លក្ខខណ្ឌ និងសក្ដានុពលអភិវឌ្ឍន៍របស់ខេត្តនីមួយៗ។
បន្ថែមពីលើនេះ, ផែនការមេនេះក៏មានការវិភាគលើសក្ដានុពលអភិវឌ្ឍឧស្សាហកម្មរបស់ខេត្តនីមួយៗ និងផ្តល់អនុសាសន៍ លើការបំពេញឱ្យគ្នាទៅវិញទៅមក និងភាពប្រទាក់ក្រឡារវាងខេត្តទាំងបួន ព្រមទាំងគម្រោងយុទ្ធសាស្រ្ត សម្រាប់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ផងដែរ៕